ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញ ៖ ផ្សារទំនើបដំបូងគេនៅខេត្តព្រះសីហនុ FURI Time Squaresដែលបោះទុនវិនិយោគតម្លៃជិត១០លានដុល្លារអាមេរិក នឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ។
នាយកផ្នែកផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមានប្រសសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កញ្ញានេះថា ផ្សារទំនើបនេះស្ថិតនៅលើផ្លូវឯករាជ្យ សង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ(ក្បែរវិមានឯករាជ្យ) ដែលមានកំពស់៤ជាន់ និងមានទំហំជាង១២០០០ម៉ែត្រការ៉េ។ ផ្សារទំនើបនេះមានហាងកាហ្វេ អាហារនិងភេសជ្ជៈ រោងភាពយន្ត និង Sky Pub ។កញ្ញាបន្តថា បច្ចុប្បន្នគំរោងនេះបានសាងសង់ហើយ និងគ្រោងបញ្ចប់និងដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
កញ្ញាបន្តថា “យើងបាននិងកំពុងនាំយកហាងល្បីៗពីរាជធានីភ្នំពេញ និងពីក្រៅប្រទេសចូលមកកាន់ផ្សារនេះ ដែលវានឹងក្លាយជាផ្សារល្បីឈ្មោះ និងជាផ្សារលើកដំបូងគេនៅក្រុងព្រះសីហនុ”។ កញ្ញាបន្តថា “រហូតមកទល់ពេលនេះ យើងទទួលបានអតិថិជនកក់ស្តង់របស់យើងប្រមាណ៥០ភាគរយរួចហើយ ហើយយើងរំពឹងនឹងទទួលបានការជួលអស់ពីអតិថិជននៅពេលឆាប់ៗនេះ”។
កញ្ញា លឹម សុខាដាវីន បានបន្តថា ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារយើងបានសិក្សាជាមួយដៃគូវិនិយោគរបស់យើង ដែលជាអ្នកវិនិយោគនិងអ្នកជំនាញល្បីឈ្មោះមកពីទីក្រុងហុងកុង និងម៉ាកាវបានរកឃើញថា ខេត្តព្រះសីហនុជាទីតាំងពិសេស ដែលមិនទាន់មានផ្សារទំនើបនៅឡើយ ខណៈកំនើនទេសចរណ៍ និងអ្នកវិនិយោគកាន់តែច្រើនបានចូលទៅកាន់ទីក្រុងនេះ”។
កញ្ញាបន្តថា “យើងបានរកឃើញនូវអ្វីជាចំណុចខ្វះខាត យើងរកឃើញមានតម្រូវការផ្សារទំនើបបែបនេះច្រើន ហេតុនេះក្រុមហ៊ុនរបស់យើងសម្រេចចិត្តបំពេញនូវចំណុចខ្វះខាតទាំងនេះ”។
តើអតិថិជនអាចទាក់ទងជួលស្តង់ផ្សារទំនើបនេះតាមរបៀបណា? កញ្ញាដាវីនបានឲ្យដឹងថា អតិថិជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០១១ ២៩៩ ៩៧៥, ០១៦ ៤១៩៨៩៨៕