ដោយ: ម៉ាលីស
ភ្នំពេញ: ផ្លូវជាតិលេខ៥១ ត្រូវបានចាត់ទុកជាផ្លូវដ៏សំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម ឧស្សាហកម្មនិងលំនៅឋានទាំងនៅពេលបច្ចុប្បន្ន និងអនាគត ហើយតម្លៃដីធ្លីនៅតំបន់នេះក៏ឃើញថា មានកំណើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងឆ្នាំកន្លងទៅ តម្លៃដីធ្លីក្នុងតំបន់មួយនេះ បានកើនឡើងចន្លោះពី១០ទោ១៥ភាគរយកាលពីឆ្នាំមុន។
លោកអ៊ឹង ប៊ុនហួតប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យ PIXUI Property បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ មករានេះថា តាមការប៉ាន់ស្មានតម្លៃដីធ្លី នៅតំបន់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺ ឃើញថាមានកំណើនប្រមាណ១០ទៅ១៥ភាគរយ ដែលធ្វើឱ្យដីនៅតំបន់តាមបណ្ដោយផ្លូវជាតិលេខ៥១ ដែលជាប់ផ្លូវបច្ចប្បន្ន មានតម្លៃ៥០ដុល្លារទៅ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ពោលគឺជាប្រភេទដីមិនទាន់អភិវឌ្ឍន៍ ហើយដីដែលនៅឆ្ងាយពីផ្លូវជាតិបន្តិច គឺមានតម្លៃពី១៥ដុល្លារទោ៣០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េផងដែរ។
លោកបន្តថា “សម្រាប់ដីឡូត៏នៅក្នុងតំបន់នេះ មិនសូវជាមានកំណើនប៉ុន្មាននោះទេ ពីព្រោះថាដីឡូត៏ភាគច្រើន អ្នកអភិវឌ្ឍន៍លក់ជូនអតិថិជនដោយបង់រំលស់ ដូច្នេះតម្លៃរបស់វាត្រូវបានលក់ នៅក្នុងទីផ្សាររយៈពេលបីឆ្នាំក្រោយ”។ លោកពន្យល់ថា “មានន័យថាបើដីឡូត៏នោះតម្លៃ១ម៉ឺនដុល្លារអាមេរិក គេនឹងលក់១ម៉ឺន៣ពាន់ដុល្លារអាមេរិក ពីព្រោះ រយៈពេល២ឬ៣ឆ្នាំក្រោយពេលទិញដីឡូត៏នោះ វានឹងមានតម្លៃប្រហាក់ប្រហែល នឹងតម្លៃទិញនៅពេលបច្ចុប្បន្ន”។
លោកអ៊ឹង ប៊ុនហួតបានបន្តទៀតថា សក្ដានុពលនៃការអភិវឌ្ឍដីធ្លីនៅក្នុងតំបន់ផ្លូវ៥១ ត្រូវបានមើលឃើញថាចាប់ផ្ដើម មានសកម្មភាពឡើងវិញជាបន្តបន្ទាប់ ក្នុងនោះអ្នកអភិវឌ្ឍន៍ធំៗ ក៏បានចាប់ផ្ដើមបញ្ចេញសកម្មភាពអភិវឌ្ឍន៍របស់ខ្លួនបណ្ដើរផងដែរ ដូចជាគម្រោងរោងចក្រឧស្សាហកម្ម និងការសាងសង់លំនៅឋានជាបុរីជាដើម។ លោកមានការរំពឹងទុកផងដែរថាតំលៃដីនឹងឡើងជាលំដាប់ សំរាប់ឆ្នាំ២០២២នេះ ក៏ដូចជាឆ្នាំបន្តបន្ទាប់។
វិស័យអចលនទ្រព្យជាពិសេស គឺវិស័យដីធ្លីនៅតំបន់ផ្លូវ៥១ កំពុងមានកំណើនគួរអោយកត់សំគាល់ ដោយសារផ្លូវនេះនឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុង និងជាផ្លូវយុទ្ធសាស្ត្រមួយ សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តំបន់នេះ ជាតំបន់ដែលមានការទាក់ទាញលើការវិនិយោគ លើឧស្សាហកម្មជាងគេ បន្ទាប់ពីបើកប្រទេសឡើងវិញ ក្រៅពីវិស័យទេសចរណ៍ សេដ្ឋកិច្ច និង អចលនទ្រព្យ រដ្ឋាភិបាលក៏រំពឹងថាវិស័យឧស្សាហកម្ម នឹងកាន់តែមានសន្ទុះមួយកម្រិតទៀតនៅក្នុងឆ្នាំ ២០២២នេះផងដែរ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុង នៅតតែមានផលចំណេញ ហើយលោកលើកទឹកចិត្តឲ្យការវិនិយោគ គួរធ្វើឡើងនៅតំបន់ជាយក្រុងដដែល ពិសេសតំបន់ដែលមានផ្សារ និងមនុស្សរស់នៅច្រើន។
លោកបន្តថា “ការវិនិយោគដីធ្លីនៅតែមានផលចំណេញខ្ពស់ ប៉ុន្តែវាត្រូវការពេលវេលាច្រើនជាង៥ទៅ១០ឆ្នាំមុន ទើបទទួលបានផលចំណេញញ”៕