ដោយៈជេស៊ីកា
ភ្នំពេញៈ បណ្តាញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់ពីបណ្តាញផ្លូវកំពុងសាងសង់បច្ចុប្បន្ន បាននិងកំពុងសិក្សា ខណៈក្រុមមន្រ្តីបានហៅក្រវ៉ាត់ក្រុងបន្តនេះ ជាផ្លូវក្រវ៉ាត់ក្រុងទី៣ឬទី៤។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២០ មករាកន្លងមកថា បណ្តាញផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនិងកំពុងសាងសង់បច្ចុប្បន្នបាន និងកំពុងសម្រេចបានវឌ្ឍនៈភាព ប៉ុន្តែផ្លូវបន្តពីចំណុចនេះ ចេញពីកំពង់ផែភ្នំពេញ ត្រូវបានហៅជាក្រវ៉ាត់ក្រុងទី៣ ខ្លះហៅក្រវ៉ាត់ក្រុងទី៤។
លោកបន្តថា “ក្រវ៉ាត់ក្រុង ដែលត្រូវសាងសង់បន្តនេះ នឹងចាកចេញពីតំបន់កំពង់ផែភ្នំពេញ ក្នុងស្រុកកៀនស្វាយ នឹងមានស្ពានឆ្លងទន្លេមួយទៀត ដែលស្របគ្នា នឹងការតភ្ជាប់កាត់ទៅកាន់តំបន់ 7NG”។
លោកបន្តថា “ការតភ្ជាប់នេះ នឹងបន្តកាត់កណ្តាលកោះដាច់ ដោយមានស្ពានមួយទៀត ឆ្លងទៅភ្ជាប់ជាមួយមហាវិថីឈ្នះ ឈ្នះ”។
លោកសូរិយាបានបន្តថា ទោះបីជាយ៉ាងណា លោកមិនទាន់ដឹងពីផែនការសាងសង់ភ្ជាប់នេះ នឹងចាប់ផ្តើមនៅពេលណានៅឡើយទេ ខណៈក្រវ៉ាត់ក្រុងកំពង់សាងសង់បច្ចុប្បន្ន មិនទាន់ដោះស្រាយបញ្ហាមួយចំនូនចប់នៅឡើយទេ។ លោកបន្តថា ធម្មតាការដោះស្រាយផលប៉ះពាល់ យូរកាលណានឹងលំបាកកាលនោះ ដោយសារប្រជាពលរដ្ឋទាមទារតម្លៃដីខ្ពស់ ជាក់ស្តែងដីនៅតំបន់ក្រវ៉ាត់ក្រុងទី៣បច្ចុប្បន្ន បានហក់ឡើងយ៉ាងខ្ពស់រួចទៅហើយ។
លោកបន្តថា កញ្ចប់ថវិកាអាទិភាពរបស់រដ្ឋាភិបាល បាននិងកំពុងផ្លាស់ប្តូរតាមគំរោងអាទិភាពនានា ដែលគំរោងណាអាទិភាពនឹងត្រូវសាងសង់មុន ហើយគំរោងបន្តបន្ទាប់ទៀត នឹងរុញទៅអាទិភាពក្រោយ។
ទេសរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានមានប្រសាសន៍ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ពិសេសថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ អាចនឹងរៀបចំនៅពេលក្រោយ ខណៈគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងសាងសង់ស្ពានតភ្ជាប់ពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ និងស្ពានមួយទៀត នឹងសាងសង់ឆ្លងកាត់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦។
ទោះជាយ៉ាងណាលោកមិនបញ្ជាក់ពីពេលវេលា ដែលគំរោងខាងលើនឹងចាប់ផ្តើមសាងសង់នាពេលណានៅឡើយទេ៕