ដោយៈ សុធារី
ភ្នំពេញៈ គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២២នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន សម្រេចបានជិត៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២នេះ។
លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត៣០០លានដុល្លារអាមេរិក ក្នុងនោះ២៧០លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទានពីប្រទេសចិន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យាសាងសង់ជាមួយនឹងក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ដែលមានការត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិន។
ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕