ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលប្លង់ស្ថាបត្យកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់ជាងគេលើពិភពលោក (ក្នុងនាមអគារភ្លោះ) បានបង្ហាញវត្តមានជាផ្លូវការ ខណៈការសាងសង់ មិនទាន់កំណត់ពេលច្បាស់លាស់នៅឡើយ។
តើអ្នកណាជាស្ថាបត្យករដឹកនាំរចនាប្លង់អគារកប់ពពកនេះ? គឺលោកសាស្រ្តាចារ្យ បណ្ឌិតទូស សាភឿន ជាស្ថាបត្យករដែលបាន ដឹកនាំក្រុមការងារ សិក្សា រចនាគំរូប្លង់អគារខ្ពស់បំផុតមួយនេះ។
បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងនេះ តម្រូវការធនធានស្ថាបត្យករក្នុងស្រុក និងការគ្រប់គ្រង លើវិស័យស្ថាបត្យកម្ម ក៏មានការកើនឡើងជាលំដាប់។ ស្របគ្នានេះដែរ ក្នុងចំណោមស្ថាបត្យករល្បីៗនៅកម្ពុជា គេសម្គាល់ឃើញថា លោក ទូស សាភឿន ជាស្ថាបត្យករខ្មែរមួយរូប ដែលទទួលបានជោគជ័យ និងមានស្នាដៃជាច្រើនគួរឲ្យកោតសរសើរផងដែរ។
បច្ចុប្បន្ន លោកសាស្រ្តាចារ្យទួស សាភឿន ជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា (BAC) លោកមានអាយុ៤៨ឆ្នាំ មានឯកទេសខាងជំនាញ ស្ថាបត្យកម្ម និងរៀបចំផែនការទីក្រុង ដ៏ជ្រៅជ្រះ ព្រមទាំងបានទទួលគោរម្យងារជា លោកសាស្រ្តាចារ្យ បណ្ឌិត។
ចាប់ផ្តើមពីចំណុចសូន្យមកទល់ពេលនេះ លោកទទួលបានភាពជោគជ័យជាច្រើន នៅក្នុងជំនាញរបស់លោក ដោយកើតឡើងពីការប្រឹងប្រែង តស៊ូឥតឈប់ឈរ។
កាលពីប៉ុន្មានទសវត្សរ៍មុន (១៩៨៧) លោកគឺជាយុវជនម្នាក់ដែលបានចាកចេញពីគ្រួសារ មកបន្តការសិក្សាជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម (ជំនាន់ទី៣) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងទីក្រុងភ្នំពេញ។
អំឡុងពេលសិក្សា លោក ទូស សាភឿន បានធ្វើការក្រៅម៉ោង ជាគ្រូបង្រៀនភាសាថៃ នៅក្រោយសាលាបាក់ទូក ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។
នៅអំឡុងឆ្នាំទី៣ (១៩៩៤) លោកបានចាប់ផ្តើមធ្វើការ ជាអ្នកម៉ៅការនៅក្នុងក្រុមហ៊ុនសំណង់បង្កើតថ្មីរបស់លោក។ មុនក្លាយជាអ្នកម៉ៅការ លោកក៏ចេះ ជំនាញជាងជាច្រើនប្រភេទ ធ្វើដោយខ្លួនឯង លើការងារបេតុង រៀបឥដ្ឋ ក្រាលការ៉ូ តទឹក តភ្លើង ការងារឈើ និងការងារដែកយ៉ាងស្ទាត់ជំនាញ។ ពេលនោះហើយលោក ទូស សាភឿន ក៏បានដឹងពីគោលដៅអនាគតដ៏ពិតប្រាកដរបស់លោក។
លោកសាស្រ្តាចារ្យទួស សាភឿនមានប្រសាសន៍ថា ជោគជ័យបានមកពីមានចក្ខុវិស័យពិតប្រាកដ និងមានគោលដៅជាក់លាក់ រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការចាប់ផ្តើមពីតូចទៅធំ។
នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានបង្កើតក្រុមហ៊ុនស្ថាបត្យកម្មផ្ទាល់ខ្លួនភ្លាម ដែលមានឈ្មោះថា Creative Green Design Co., Ltd ។ គោលដៅនៃការបើកក្រុមហ៊ុននេះ គឺដើម្បីបង្កើតនូវស្តង់ដារ ផ្តល់សេវាកម្មស្ថាបត្យកម្ម និងសំណង់ មកដល់បច្ចុប្បន្ន បានផ្តល់សេវាជាង ២០០ គម្រោងរួចមកហើយ និងបើកក្រុមហ៊ុនមួយទៀត Creative Green Research Co., Ltd សម្រាប់ផ្តល់សេវា ធ្វើផែនការមេវិនិយោគ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដោយផ្អែកលើការស្រាវជ្រាវពី លក្ខណៈសេដ្ឋកិច្ចនិងសង្គម។
លោកមានក្រុមហ៊ុន៣ផ្សេងទៀត សម្រាប់សេវា អចលនៈទ្រព្យ សាងសង់ និងសេវា សណ្ឋាគារ និងបដិសណ្ឋាកិច្ច ។ល។ ជាពិសេសលោកជា ស្ថាបនិក ក្រុមហ៊ុន បុរីអង្គរលែនម៉ាក្ស លើផ្ទៃដីជាង ២០០ហិចតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងនាមជានាយកគ្រប់គ្រង លោកទូស សាភឿន បានបើកចិត្តទូលាយក្នុងការផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍របស់គាត់ ជាមួយដៃគូបរទេសលើជំនាញស្ថាបត្យកម្ម។ លោកក៏បានចូលរួមសិក្សា ក្នុងកម្មវិធីថ្នាក់អនុបណ្ឌិតរយៈពេល៦ខែ ស្តីពីការការពារ និងអភិរក្សបេតិកភ័ណ្ឌជាតិ រៀបចំឡើង ដោយអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប បង្រៀនដោយលោកតា វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីល្បាញបំផុត របស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៥០-៦០។
ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែខ្ពស់ លោក ទូស សាភឿន បានបន្តសិក្សា ថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ លើជំនាញគ្រប់គ្រង និងរៀបចំបរិស្ថានទីក្រុង និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ ASSUMPTION ប្រទេសថៃ ក្នុងជំនាញ បណ្ឌិតទស្សនៈវិទ្យា ផ្នែកគ្រប់គ្រង បច្ចេកវិទ្យា ក្រឡានុវត្តភាព (ជាជំនាញថ្មី មានន័យថា មុខរបរទាំងអស់ចាំបាច់ត្រូវការ បច្ចេកវិទ្យាជាអ្នកដឹកមុខ)។
លោកមានប្រសាសន៍ថា “ប្រសិនបើខ្ញុំមិនបន្តការសិក្សាទេ ខ្ញុំអាចត្រឹមតែជាអ្នកម៉ៅការ និងអ្នកផ្គត់ផ្គង់សម្ភារសំណង់ដ៏សាមញ្ញប៉ុណ្ណោះ”។
លើសពីការធ្វើអាជីវកម្មរបស់ខ្លួន លោក សាស្រ្តាចារ្យទូស សាភឿន ចូលចិត្តបង្រៀន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ទៅកាន់មនុស្សជំនាន់ក្រោយរបស់កម្ពុជា ដែលបច្ចប្បន្នកូនសិស្សរបស់លោកមានមិនក្រោមជាង៣០០០នាក់ទេ ទាំងនិស្សិតស្ថាបត្យកម្ម និងវិស្វកម្មសំណង់។
លោកបានពន្យល់ថា “ខ្ញុំពិតជាចូលចិត្តការអប់រំបំផុត ហើយអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត គឺការផ្ទេរចំណេះដឹង និងបទពិសោធន៍ ដែលមានស្រាប់”។
លោកបន្ថែមថា គាត់មានមោទនភាព ដែលបានឃើញនិស្សិតរបស់គាត់ទទួលបានជោគជ័យ លើជំនាញស្ថាបត្យកម្មនិងវិស្វកម្មសំណង់។ មានអ្នកខ្លះ ក្លាយខ្លួនជាអ្នកវិនិយោគដ៏ល្បីល្បាញ លើវិស័យអចលនទ្រព្យ ខ្លះក្លាយខ្លួនជាអ្នកជំនួញ ជោគជ័យជាច្រើននាក់ ខ្លះក្លាយខ្លួនជាឧកញ៉ាទៀតផង។
លោកជឿជាក់ថា ស្ថាបត្យករ និងវិស្វករសំណង់ ដែលបានបញ្ចប់ការសិក្សាទាំងនោះ នឹងរួមចំណែកដល់ការអភិវឌ្ឍ លើវិស័យអចលនៈទ្រព្យ និងសំណង់របស់ប្រទេសជាតិ។
ទន្ទឹមនឹងនេះលោក ទូស សាភឿន ជាស្ថាបត្យករមួយរូប ដែលមានការព្រួយបារម្ភចំពោះរចនាប័ទ្ម ស្ថាបត្យកម្មខ្មែរ ដែលងាយរងគ្រោះ និងកម្រៃសេវាសិក្សា ស្ថាបត្យកម្ម ដែលផ្តល់មិនបានគ្រប់គ្រា ន់ដល់ស្ថាបត្យករកូនខ្មែរ បន្ទាប់ពីការធ្វើសមាហរណកម្មអាស៊ាន។
លោក សាស្រ្តាចារ្យ ទូស សាភឿន ជាស្ថាបនិកដំបូង និងបានចូលរួមជាមួយ សហស្ថាបនិកដទៃទៀត ដើម្បីបង្កើតក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា (BAC) ដែលជាស្ថាប័ន គណៈស្ថាបត្យករកម្ពុជា គ្រប់គ្រងដោយក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងឆ្នាំ២០១១ និងរូបលោក សាស្រ្តាចារ្យ ត្រូវបានទទួលស្គាល់ជាសមាជិកនៃ ក្រុមប្រឹក្សា គណៈស្ថាបត្យករអាស៊ានក្នុងឆ្នាំ ២០១២។
ស្ថាប័ននេះ ត្រូវបានរៀបចំឡើង ដើម្បីគ្រប់គ្រងស្ថាបត្យករក្នុងស្រុក និងគ្រប់គ្រងទម្រង់ស្ថាបត្យកម្មរបស់ប្រទេស ជាពិសេសគឺបណ្តុះបណ្តាល ចំណេះដឹង បទពិសោធន៏ផ្សេងៗដល់ស្ថាបត្យករ ដែលជាសមាជិករបស់គណៈស្ថាបត្យករ។
លោកមានប្រសាសន៍ថា “ស្ថាបត្យកម្ម គឺជាស្មារតី និងអត្តសញ្ញាណជាតិ ដោយការរចនាស្ថាបត្យកម្ម នៃអគារត្រូវបង្ហាញពីអត្តសញ្ញាណ វប្បធម៌ខ្មែរ ជាដួងព្រលឹងរបស់ខ្មែរ”។
លោក ទូស សាភឿន ជាស្ថាបត្យករកម្ពុជាមួយរូបដែល បានចូលរួមធ្វើការជាមួយក្រុមហ៊ុន ថៃប៊ុនរ៉ុងគ្រុប ជាប្រធានក្រុមស្ថាបត្យករ និងវិស្វករ ដោយមានភារកិច្ច គ្រប់គ្រងគម្រោងសំណង់ទូទៅ រៀបចំផែនការអភិវឌ្ឍន៍ សិក្សាគម្រោងប្លង់មេ រចនាគំរូប្លង់អគារ និងត្រួតពិនិត្យការដ្ឋានទាំងអស់។ ជាពិសេស គម្រោងប្លង់អគារដ៏ខ្ពស់ស្កឹមស្កៃមានឈ្មោះថា “អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង”។
នៅពេលដែលការសាងសង់បានបញ្ចប់ អគារភ្លោះដែលមាន១៣៣ជាន់ នឹងមានកម្ពស់៥៦៨ម៉ែត្រ។ វានឹងមានកម្ពស់ខ្ពស់ជាងអគារ ដែលខ្ពស់ជាងគេក្នុងប្រទេសពីរដង ហើយខ្ពស់ជាងអគារ Petronas Towers នៃទីក្រុងកូឡាឡាំពួរ១០០ម៉ែត្រ ខ្ពស់ជាងគេនៅក្នុងអាស៊ី និងខ្ពស់ជាងគេ លំដាប់ទី៥លើពិភពលោក។
គម្រោងនេះ នឹងក្លាយទៅជានិម្មិតរូបរបស់ជាតិ និងមោទនភាពជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាផងដែរ។
គម្រោងនេះរួមមាន អាផាតម៉ិន ការិយាល័យ សណ្ឋាគារប្រណីត ផ្សារទំនើប ជាមួយនឹងមជ្ឈមណ្ឌលកំសាន្តជាច្រើនប្រភេទ៕ ប្រភពArch Cambodia៕