ដោយ៖ សុផារី
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានប្រសាសន៍ថា គម្រោងធំៗចំនួន៨គម្រោងត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលខាងមុខនេះ។
លោកបានឱ្យដឹងដូចនេះ ក្នុងកម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារ សាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលបានធ្វើឡើងក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប”។
គម្រោងទាំងនោះរួមមាន៖
១. គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់១០០ភាគរយ តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
២. គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងក្រុងព្រះសីហនុ គិតមកដល់ពេលនេះសម្រេចបាន ៧៦,៤៨%។ គម្រោងផ្លូវចំនួន១១ខ្សែនេះចំណាយថវិកាចំនួន១០០លានដុល្លារអាមេរិកនិងមានប្រវែងជាង៥៨គីឡូម៉ែត្រ។ ចំណែកកំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះមានប្រវែងសរុប៤៣គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីបំបែកផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ដល់រង្វង់មូលស្ទឹងហាវ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ។
៣. គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៣(ចោមចៅ-ក្រុងកំពត) គម្រោងនេះមានប្រវែងប្រមាណ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC)និងបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២ ដោយប្រើរយៈពេល៤៨ខែ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង (២ទៅ២មក) និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង(១ទៅ១មក)។ គម្រោងនេះចំណាយថវិកាប្រមាណជាង២១៥លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
៤. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គ.ម។ មកដល់ពេលនេះ បាននិងកំពុងសាងសង់សម្រេចបាន ៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ជាថវិកាវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។
៥. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រៃធំ) មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។ គម្រោងបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន៩៥%ហើយ។
៦. គម្រោងសាងសង់ផ្លូវជាតិលេខ៥១ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ជាង ៤០,៨៨លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
៧. គម្រោងសាងសង់ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-ឃុំរមាត) ក្រាលបេតុងកៅស៊ូប្រវែង ១៦៤គ.ម គិតមកដល់ពេលនេះ សម្រេចបាន៩១% ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦លានដុល្លារអាមេរិក។
៨. គម្រោងសាងសង់ស្ពានចំនួន០៧កន្លែង ក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង គម្រោងនេះជាជំនួយឥតសំណងរបស់ជប៉ុន ដោយចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក៕