ដោយៈយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia
ព្រះសីហនុៈ សម្លេងព្រះសង្ឃសូត្រធ៌មនៅវត្តលើ ក្រុងព្រះសីហនុនៅតែលាន់ឮរងំដដែល ហើយទិដ្ឋភាពជាក់ស្តែងនៃទីក្រុងនេះបាននិងកំពុងវិលមកកាន់សភាពដើមបន្តិចម្តងៗ ប៉ុន្តែវាទាមទារឲ្យអ្នកអត់ធ្មត់បន្តិច។
ប៉ុន្តែបើធៀបនឹងកាលពីឆ្នាំ២០១៦ អ្នកគួរទទួលនូវការអបអរសាទរ នូវអ្វីដែលជាសមិទ្ឋផលនាថ្ងៃនេះ ដែលប្រជាពលរដ្ឋកម្ពុជាស្ទើរ១០០ភាគរយ មិនដែលជឿថា ក្រុងជាប់មាត់សមុទ្រមួយនេះបានផ្លាស់ប្តូរលឿនបែបនេះឡើយ។
ប៉ុន្តែទីបំផុតអ្វីៗបានមកដល់ ហើយអ្វីដែលពលរដ្ឋកម្ពុជាមិនជឿ បានជឿ និងឃើញយ៉ាងប្រត្យក្រ។
ជាទីក្រុងធ្លាប់ស្ងប់ស្ងាត់ ក៏បានចាប់ផ្តើមមានភាពអ៊ូរអរបណ្តើរៗ ជាមួយកំនើនប្រជាពលរដ្ឋក្នុងស្រុក ពិសសលំហូរជនជាតិចិន ដែលជាអ្នកជំនាញ និងអ្នកវិនិយោគ។ ប៉ុន្មានឆ្នាំជាបន្តបន្ទាប់ទីក្រុងនេះ កាន់តែមានសភាពគគ្រឹកគគ្រេង ផ្លូវដែលមិនដែលកកស្ទះចរាចរណ៍ មកជាកកស្ទះ ផ្ទះសំណាក់ សណ្ឋាគារបានឡើងថ្លៃ ចរន្តនៃការទិញលក់ដីធ្លីបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃព្រះធរណីក្នុងទីក្រុង និងតំបន់ជុំវិញទីក្រុងនេះ កើនឡើងខ្ពស់រហូតដល់១០០០ភាគរយឬលើសពីនេះ។
ព្រះអាទិត្យលិចនៅក្រុងព្រះសីហនុ និងត្រៀមរះឡើងវិញ
ជាមួយលំហូរជនជាតិចិន មានទាំងអ្នកល្អ និងក្រុមអ្នកលេងបានធ្វើ ឲ្យរដ្ឋាភិបាល សម្រេចចិត្តយ៉ាងតក់ក្រហល់ ដើម្បីបិទហ្គេមឡនឡាញ ជាអាជីវកម្មកាស៊ីណូ ដែលបានធ្វើឲ្យទីក្រុងនេះលេចឡើង នូវពន្លឺភ្លើងព៌ណ ប្រៀបដូចជាទីក្រុងម៉ាកាវ ប្រទេសចិន ស្របពេលវត្តមានអាគារខ្ពស់ៗកើនឡើងដូចផ្សិត និងលូតទៅលើមេឃជារៀងរាល់ថ្ងៃ។
សម្លេងកម្មករ និងឧបករណ៍ទំនើបនានា ដើម្បីលើកដែក ស៊ីម៉ងត៍នៅតាមការដ្ឋានសំណង់ បានលាន់លឺពេញទីក្រុងនេះ ខណៈប្រជាជនមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុក កម្មករ អ្នករត់តុក តុក និងប្រជាពលរដ្ឋធ្លាប់ក្រីក្រ បានក្លាយជាអ្នកមានយ៉ាងឆាប់់រហ័ស ដោយសារលក់ដីរបស់ពួកគេ។
៥ឆ្នាំអ្វីៗបានផ្លាស់ប្តូរទាំងស្រុង
ទីក្រុងដែលធ្លាប់តែមានអាគារខ្ពស់បំផុត១០ជាន់នេះ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ជាមួយនឹងវត្តមានអាគារកប់ពពកកំពស់ពី៥ជាន់ ដល់៥៣ជាន់កើនឡើងដល់៦០៤អគារ ដោយទាក់ទាញលំហូរទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិនប្រមាណ៨០០០លានដុល្លារអាមេរិក។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានទៅកាន់ដំណែងជាថ្នាក់ដឹកនាំខេត្តនេះ បន្ទាប់ពីអគារសាងសង់គ្មានស្តង់ដាបច្ចេកទេសមួយបានដួលរលំ បានមានប្រសាសន៍ថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជិត៨០០០លានដុល្លារ។
លោកបញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាត មានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុប៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។
ស្វាគមន៍ទេសចរណ៍ និងវិនិយោគិនជាមួយហេដ្ឋារចនាសម្ព័ន្ឋថ្មីទាំងស្រុង ជាមួយនឹងគោលដៅប្រែក្លាយទីក្រុងនេះ ជាទីក្រុងនៃការអភិវឌ្ឍបែបពហុបំណង តាមលំនាំទីក្រុងស៊ិនជិន ប្រទេសចិន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិភាជន៍ថវិកា ប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវចំនួន៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ ប៉ុន្តែគំរោងនេះមិនគ្រប់គ្រាន់ទេ ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបន្ថែមការស្ថាបនាផ្លូវថ្មីចំនូន១២ខ្សែបន្ថែមទៀត ដើម្បីប្រែក្លាយ និងពង្រីកសក្តានុពលខេត្តនេះឲ្យបានពេញលេញ។
ជាលទ្ឋផលរហូតមកទល់ពេលនេះ ក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ទាំងហេដ្ឋារចនាសម្ព័ន្ឋ ទាំងវត្តមានអាគារកប់ពពក ទាំងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍថ្មី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនបានបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុងទំនើប ស៊ីវិល័យ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។
ត្រលប់ទៅកាន់អតីតកាល កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ទីក្រុងនេះ ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ជាលើកដំបូង ហើយទីក្រុងនេះបានស្ថិតនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិបាលចិន។
មូលដ្ឋាននៃបណ្តុំមូលដ្ឋានសក្តានុពលសេដ្ឋកិច្ច
តាមរយៈគោលនយោបាយ និងចក្ខុវិស័យដ៏មុតស្រួច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហេដ្ឋារចនាសម្ព័ន្ឋធំៗលំដាប់អន្តរជាតិ បានចាប់ផ្តើមវិនិយោគ ជាក់ស្តែងផ្លូវរថភ្លើងត្រូវបាន ដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជា ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់៣២០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ ខេត្តព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម។
អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាព ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។
កំពង់ផែទឹកជ្រៅតែមួយគត់ នឹងត្រូវអភិវឌ្ឍន៍នៅជំហ៊ានទី៣ នៅឆ្នាំ២០២២ខាងមុខ ដែលមានជម្រៅទឹក១៨ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗ លំដាប់ពិភពលោកអាចចូលចតបាន ដែលធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។
តារារះនាទិសនារតី
ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យ ដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយសារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។
សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយ និងធនធានមនុស្សនៅមានកម្រិត។
ព្រះសូរិយាត្រៀមនឹងរះចែងចាំងឡើងវិញ
ព្រះអាទិត្យថ្មី ត្រៀមរះនៅក្រុងព្រះសីហនុជាថ្មី បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ប៉ុន្តែការគ្របដណ្តប់លើការចាក់វ៉ាក់សាំងយ៉ាងលឿន បានធ្វើឲ្យកម្ពុជាលើកពានថ្មីមួយ ដែលអាចចាក់វ៉ាក់សាំងបានលឿនជាងគេក្នុងតំបន់ បើទោះបីប្រទេសនេះស្ថិតនៅក្នុងនាមជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបក្តី។
អ្នកវិនិយោគចិន និងអន្តរជាតិដទៃទៀត ដែលបានចាក់លុយរបស់ពូកគេនៅទីក្រុងនេះ រាប់រយលានដុល្លារបានត្រៀមវេចបង្វិច មកមើលគំរោងរបស់ពូកគេ និងទាញលុយត្រលប់ទៅវិញ (Return of Investment) ខណៈគោលនយោបាយរបស់កម្ពុជា កាន់តែបើកចំហរ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ចិនកាន់តែស្អីតរមួត បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរពីមិត្តភាពធម្មតា មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងប្រែក្លាយជា “សហគមន៍ពីរ វាសនាតែមួយ”។
ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីចិនឡើយ ដោយរដ្ឋាភិបាល និងអ្នកវិនិយោគចិនបាន និងកំពុងពង្រីកមូលដ្ឋាន នៃការយល់ដឹងពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដែលមិនអាចបំបែកបាន។
សម្លេងភ្លេងការចាប់ផ្តើមប្រគុំឡើងវិញហើយ ក្រោយពេលកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ឋនឹងជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសឈានមុខគេនៅតំបន់អាស៊ី ក្នុងនាមជាដែនដីមួយដែលមានភាពបើកចំហ ជាលើកដំបូងដោយទទួលភ្ញៀវអន្តរជាតិ ចូលមកកាន់ប្រទេសនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
បទបាយខុនចងដៃ ហាក់បាននិងកំពុងអន្ទងទឹកចិត្ត អ្នកវិនិយោគជាតិ អន្តរជាតិសម្លឹងមកកាន់ទីនេះ ខណៈវិនិយោគិនចិនមួយចំនួនបាន វេចបង្វិចមកដល់ក្រុងនេះបណ្តើរៗឡើងវិញហើយ ដើម្បីមកប្រគុំសូរសៀងដែលច្របាច់បញ្ចូលគ្នារវាងសម្លេងពិន និងឃឹមខ្មែរ ដែលមានសូរសៀងប្រហាក់ប្រហែលគ្នា៕