វិភាគៈហេតុអ្វីនិន្នាការអភិវឌ្ឍន៍អចលនទ្រព្យ និងសង្គមតែងតែផ្លាស់ប្តូររៀងរាល់១០ឆ្នាំម្តង?

0

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ រយៈពេល៣៦៥០ថ្ងៃបានកន្លងផុតយ៉ាងលឿន វិស័យអ​ចល​នទ្រព្យបានជួបយុគខ្មៅងងឹតជាថ្មី បន្ទា​ប់ពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលបានកើតចេញពីសហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលគួរឲ្យត្រេកអរ គឺឆ្នាំ២០១៨មិនមានវិបត្តិទេ ដោយរង់ចាំរយៈពេល២ឆ្នាំក្រោយ ទើបជំងឺកូវីដដ៏បំផ្លិចបំផ្លាញ បានបង្កវិនាសកម្មជុំវិញពិភពលោក។

យ៉ាងណា ក្នុងរយៈពេល១០ឆ្នាំម្តង និន្នាការនៃការអភិវឌ្ឍន៍ តែងតែផ្លាស់ប្តូរនៅតាមបណ្តាប្រទេស ដែលទើបលេចឡើងថ្មី ប៉ុន្តែប្រទេសរីកចម្រើនរួចទៅហើយ មិនសូវមានការផ្លាស់ប្តូរនិន្នាការនេះទេ។

ក្រឡេកថយក្រោយ
ប្រសិនជាយើងមើលថយក្រោយកាលពី១០ឆ្នាំមុន អ្នកវិនិយោគនានានៅកម្ពុជា បានផ្តោតលើការសាងសង់បុរីលំនៅដ្ឋាន ជាផ្ទះល្វែង ប៉ុន្តែបច្ចុ ​ប្បន្ននិន្នាការ សាងសង់ផ្ទះល្វែងហាក់ថមថយ ដោយជំនួសវិញនូវវីឡាភ្លោះផ្ទះអាជីវកម្ម (Shop House វីឡាទោល វីឡា King, វិឡា Queen ជាដើម។

លើសពីនេះ ការវិនិយោគសាងសង់ខុនដូ មិនសូវមានសភាពគគ្រឹក គគ្រេងច្រើនដូចពេលបច្ចុប្បន្ននេះទេ ហើយប្រជាជនមួយចំនូនមិនយល់អំពីអ្វីហៅថា “ខុនដូ”ឬលំនៅដ្ឋានបែបសហកម្មសិទ្ឋនៅឡើយទេ។

តើអ្វីដែលនាំឲ្យមានការផ្លាស់ប្តូរនិន្នាការនេះ ចម្លើយយើងអាចវិភាគលើមូលដ្ឋានមួយចំនួនដូចជា ទី១ ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល ទី២ ការយល់ដឹងរបស់ប្រជាពលរដ្ឋមានការកើនឡើង ជីវភាពប្រជាជនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទី៣ ការផ្លាស់ប្តូរបែបផែនជីវិត ដែលបណ្តាលមកពីការយល់ដឹង របស់ប្រជាជនច្រើនជាងមុន សម្លឹងបានឆ្ងាយជាងមុន។

ទី៤ ការផ្លាស់ប្តូរនិន្នាការសង្គម ដោយសារការកើនឡើងនូវតម្លៃដីធ្លី តម្លៃផ្ទះ និងការកកស្ទះចរាចរណ៍ ដែលបង្ខំឲ្យប្រជាពលរដ្ឋរស់នៅខុនដូ កាន់តែ​ច្រើន និងទី៥ ការរីកចម្រើនបច្ចេកវិទ្យា បានធ្វើឲ្យប្រជាជនអាចស្រា​វ​ជ្រាវ និងស្វែងរករបកគំហើញថ្មីៗនៅក្នុងសង្គម តាមបណ្តាប្រទេសក្នុងតំបន់។

តើអ្នកអភិវឌ្ឍន៍៍ដើរតាមនិន្នាការសង្គមដូចម្តេច?
ក្រុមហ៊ុនធំៗជាតិ អន្តរជាតិ តែងតែសិក្សាពីការផ្លាស់ប្តូររសនិយមរបស់ប្រជាជាតិ និមួយៗ ពួកគេតែងតែមានទីប្រឹក្សាល្អ និងតែងតែគិតរកវិធីសាស្រ្តថ្មីៗ ដើម្បីដើរឲ្យទាន់និងស្របតាមសម័យកាល។

ក្រុមហ៊ុនធំមិនប្រាកដថា មិនដួលរលំនោះទេ បើសិនជាមិនធ្វើបច្ចុ​ប្បន្នភាពផលិ​ត​ផល និងសេវាកម្មពួកគេតាមសម័យកាល នោះក្រុមហ៊ុនរបស់ពួកគេនឹងដូលរលំ ដូចជា ក្រុមហ៊ុនលំដាប់យក្សផលិតទូរស័ព្ទម៉ា Nokia, ក្រុមហ៊ុនផលិតហ្វីលថតរូបជាដើម សុទ្ឋតែបានដួលរលំ ដោយសារពួកគេមិនសិក្សា និងដើរតាមទាន់សម័យកាល នៃការរីកចម្រើ​នបច្ចេកវិទ្យា និងការផ្លាស់ប្តូរបែបផែនរបៀបរស់នៅ និងរបៀបគិត។

ហេតុនេះ ទើបក្រុមហ៊ុនវិនិយោគធំៗអន្តរជាតិភាគ​ច្រើន តែងតែផ្តោតលើការសិក្សា ការស្រាវជ្រាវពីនិន្នាការទីផ្សារ និន្នាការរីកចម្រើនរបស់សេដ្ឋកិច្ចសង្គម ដើម្បីពួកគេអាចផ្គត់ផ្គង់ផលិតផលសមស្រប និងត្រូវតាមចំណង់ចំណូលចិត្តអតិថិជនភាគច្រើន។

តើ១០ឆ្នាំខាងមុខទីផ្សារអចលនទ្រព្យរបស់កម្ពុជាមានការវិវត្តដួចម្តេច?
បើទោះជាវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា បានក្លាយជាសរសរស្តម្ភសេដ្ឋកិច្ចធំមួយ ក្នុងចំណោមសរសរស្តម្ភធំៗបីទៀតក៏ដោយ ប៉ុន្តែវិស័យនេះហាក់ នៅមិនទាន់មានភាពចាស់ទុំ គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវិស័យ​នេះ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ព្រោះប្រជាពលរដ្ឋកម្ពុជា ដែលមានវ័យចាប់ពី១៥-៥៩ឆ្នាំ មានរហូតដល់​ចំនួន៦១,៧ភាគរយនៃប្រជាជនសរុប(ជំរឿងឆ្នាំ២០១៩)។

ផ្អែកតាមតួលេខនេះ បានបង្ហាញឲ្យយើងអាចទាញសម្មិតកម្មថា តម្រូ​វការលំនៅ ដ្ឋាននឹងបន្តកើនឡើង ទាំងលំនៅដ្ឋានសហកម្មសិទ្ឋ និងលំនៅដ្ឋានផ្ទាល់ដី សម្រាប់រយៈពេល១០ទៅ១៥ឆ្នាំខាងមុខ ខណៈការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង​សំណង់ កាលពីឆ្នាំ២០១៥បានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នង ក្នុង​ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០។

ជាមួយនឹងការព្យាករណ៍ និងសិក្សាពីនិន្នាការសង្គម ដោយឈរលើមូលដ្ឋានវិទ្យាសាស្រ្ត សង្គមសាស្រ្តនេះ ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តកើតមាន ហើយផ្នែកមួយចំនួននឹងផ្លាស់ប្តូរនៅរយៈពេល១០ឆ្នាំខាងមុខ។

វិស័យលំនៅដ្ឋាន
សម្រាប់ទស្សនវិស័យរយៈពេលវែង ការសិក្សានិងអង្កេតពីការប្រែប្រួលរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្មេរអាចទាញការសន្និដ្ឋានថា ទីផ្សារលំនៅដ្ឋាននឹងបន្តរីកចម្រើន ហើយនិន្នាការអភិវឌ្ឍន៍៍ នឹងកាន់តែឃ្លាតឆ្ងាយពីរាជធានី ក្នុងរង្វង់៣០គីឡួម៉ែត្រជុំវិញ ដោយលំនៅដ្ឋានតម្លៃចន្លោះពី៥០,០០០ ទៅ១០០,០០០ដុល្លារ នឹងកើនឡើងខ្ពស់ជាងគេ ព្រោះប្រជាពលរដ្ឋជនបទ នឹងចូលមករស់នៅរាជធានីភ្នំពេញ និងទីប្រជុំជននានាកាន់តែច្រើន។

ជាក់ស្តែងការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជារស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើង ដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ខណៈរដ្ឋាភិបាលបានប្រកាសរួចហើយថា រាជធានីភ្នំពេញនឹងពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ ត្រឹមឆ្នាំ២០៣៥ខាងមុខ។

និន្នាការទីផ្សារខុនដូ
វាជាពេលវេលានៃការចាប់ផ្តើម សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប្រជាជនមានជីវភាពធូរធារភាគច្រើន ពួកគេបានចាប់ផ្តើមខុនដូ ជាការសាកល្បងរសជាតិ នៃជីវិតសម័យថ្មី ដោយទិញខុនដូសម្រាប់ជាផ្ទះទី២ ឬផ្ទះលំហែររបស់ខ្លួន ប៉ុន្តែក៏មានយុវជនសម័យថ្មីមួយ​ចំនួន បានទិញខុនដូសម្រាប់រស់នៅ ជាលក្ខណៈគ្រួសារ ជាលក្ខណៈលំនៅដ្ឋានឯកជនរបស់ពួកគេផងដែរ។

ប៉ុន្តែ១០ឆ្នាំខាងមុខ ការរស់នៅខុនដូនឹងក្លាយជាជម្រើសថ្មីមួយ និងជារឿងសាម​ញ្ញរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមផង ការរីកចម្រើននៃប្រព័ន្ឋនៃការគិតរបស់ខ្លួនផង បូកផ្សំទាំងការរីកចម្រើនផ្នែកសម្ភារៈ និងមធ្យោបាយធ្វើដំណើរផង ដែលការកកស្ទះចរាច​រណ៍នឹងកើនឡើង ហើយការរីកចម្រើនបច្ចេកវិទ្យា ក៏ជួយធ្វើឲ្យគុណភាពជីវិតប្រសើរឡើង និងការឡើងថ្លៃអចលនទ្រព្យផង។

កត្តាទាំងអស់នេះ នឹងចាប់បង្ខំរបៀបនៃការគិត ចាប់បង្ខំលើនិន្នាការនៃការរស់នៅផង។ ហេតុនេះខុនដូ នឹងកាន់តែមានភាពពេញនិយម ហើយនឹងលែងជាលំនៅដ្ឋានទី២ សម្រាប់ការលំហែរទៀតឡើយ ប៉ុន្តែវាជាជម្រើ​សសមស្របមួយ ដែលទីក្រុងនៅតាមបណ្តាប្រទេសនានាក្នុងតំបន់ បាននិងកំបុងដើរតាមនិន្នាការបែបនេះដូចគ្នា។

តម្រួវការលំនៅដ្ឋានសហកម្មសិទ្ធ ប្រភេទ SOHO នឹងកើនឡើង
លំនៅដ្ឋានបែបសហកម្មសិទ្ឋប្រភេទ SOHO មិនទាន់មានចំនួនច្រើននៅឡើយទេ នៅកម្ពុជា ហើយប្រជាជនភាគច្រើន ក៏មិនទាន់យល់ពីលំនៅដ្ឋានប្រភេទ SOHOនេះច្រើននៅឡើយដែរ។

ខុនដូប្រភេទ SOHO ជាលំនៅដ្ឋានបែបសហកម្មសិទ្ឋ តែអាចរស់នៅផង និងអាចធ្វើជាការិយាល័យធ្វើការផង។
លំនៅដ្ឋានប្រភេទនេះនឹងកើនឡើង ស្របពេលជាមួយនឹងទីផ្សារខុនដូផងដែរ ព្រោះនៅពេលនោះ យុវជនកម្ពុជាកាន់តែច្រើន នឹងបើកជំនួញដោយខ្លួនឯង។ ហេតុនេះការទិញលំនៅដ្ឋាន ប្រភេទ SOHO នឹងកើនឡើង ដោយសារវាមានភាពងាយស្រួល ព្រោះអាចប្រើប្រាស់ជាការិយាល័យធ្វើការ និងផ្ទះស្នាក់នៅរួមគ្នា។

ការផ្លាស់ប្តូរបែបផែនជីវិត ដោយសារនិន្នាការសង្គមសេដ្ឋកិច្ច ការរីកចម្រើនលើចំណេះដឹង និងធនធាន នឹងធ្វើឲ្យគុណភាពឬបែបផែនជីវិត និងការរស់នៅ ការប្រកបរបរប្រចាំថ្ងៃ នឹងផ្លាស់ប្តូរជាស្វ័យប្រវត្តិ។

ទីផ្សារអាផាតម៉ិននិងការិយាល័យ
វិបត្តិជំងឺកូវីដ១៩ បាននិងកំពុងបង្រៀន ដល់អ្នកសាងសង់អាផាតម៉ិនសម្រាប់ជួល អាចចាប់ផ្តើមផ្លាស់ប្តូរនិន្នាការថ្មី ឬធ្វើបច្ចុប្បន្នភាពគំរោងរបស់ខ្លួន។

ជាក់ស្តែងសម្រាប់ការនិទ្ទស្សន៍ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ តើទីផ្សារអាផាតម៉ិន និងការិយាល័យនឹងប្រែប្រួលដូចម្តេច? បើតាមការវិភាគរបស់ស្មេរបានគិតថា ស្ថានភាពទីផ្សារអាផាតម៉ិននឹងបន្តរីកចម្រើន ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ ចំណាយទុនច្រើនជាងមុន និងកសាងអគាររបស់ខ្លួនមានស្តង់ដាជាងមុន។

គិតគូរពីភាពបៃតងច្រើនជាងមុន និងបំពេញសេវាកម្មជូនអតិថិជន កាន់តែសម្បូរបែបជាងមុន ដើម្បីទាក់ទាញការជួល និងរក្សាអតិថិជនចាស់។

ព្រោះ១០ឆ្នាំខាងមុខ សម្រាប់ជនបរទេស និងជនជាតិខ្មែរ ពួកគេនឹងងាកទៅចំណា​យប្រាក់លើការទិញខុនដូ និងលំនៅដ្ឋានសហកម្មសិទ្ឋបែប SOHO ច្រើនជាងមុន។

ចំណែកនិន្នាការជួលអាគារការិយាល័យ នឹងប្រែប្រួលខ្លះផងដែរ ប៉ុន្តែមិនច្រើនពេកនោះទេ ប៉ុន្តែនិន្នាការថ្មីដែលកំពុងកើតមានបច្ចុប្បន្ន នឹងកាន់តែរីកចម្រើន គឺការិយា​ល័យសហកម្មសិទ្ឋ (Co-Working Space) នឹងរីកចម្រើនខ្លាំង ដោយសារអាជីវកម្មប្រ​ភេទនេះ បានផ្តល់នូវសហគមន៍បែបរសរវើកមួយ និងការចាប់ផ្តើមអាជីវកម្មរបស់យុវជនជំនាន់ថ្មីនឹងកើនឡើងកាន់តែច្រើន និងផុសផុស។

ការរីកចម្រើនសេដ្ឋកិច្ច នឹងធ្វើឲ្យគុណភាព នៃការគិតរបស់មនុស្សផ្លាស់ប្តួរ ការរីកចម្រើននៃជីវភាពរស់នៅ នឹងធ្វើឲ្យបែបផែនជីវិតនឹងផ្លាស់ប្តូរ។ សម្រាប់១០ឆ្នាំខាងមុខ អ្វីៗនឹងផ្លាស់ប្តូរដូចស្មេរលើកឡើងឬអត់ អា​ស្រ័យលើទិដ្ឋភាពជាក់ស្តែង ព្រោះនេះជាការវិភាគ ដោយឈរការសិក្សាពីការប្រែប្រួលដង្គម ដោយផ្អែកលើតក្តវិជ្ជាប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here