រដ្ឋាភិបាលគ្រោងសម្ភោធគម្រោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៨នៅពេលខាងមុខនេះ

0

ដោយៈ សុផារី

ភ្នំពេញៈ តាមរយៈរបាយការណ៍បូកសរុបសមិទ្ធផលការងារ សាធា​រណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងធំៗចំនួន៨គម្រោង ត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលខាងមុខនេះ។

គម្រោងទាំងនោះរួមមាន៖
១. គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង១៤៩លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់១០០ភាគរយ តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

២. គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងក្រុងព្រះសីហនុ គិតមកដល់ពេលនេះ សម្រេចបាន៧៦,៤៨%។ គម្រោងផ្លូវចំនួន១១ខ្សែនេះ ចំណាយថវិកាចំនួន១០០លានដុល្លារអាមេរិក និងមានប្រវែងជាង៥៨គីឡូម៉ែត្រ។

ចំណែកកំណាត់ផ្លូវខេត្តលេខ១៤៦បេនេះ មានប្រវែងសរុប៤៣គីឡូ​ម៉ែត្រ លាតសន្ធឹងចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ។

៣. គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៣ (ចោមចៅ-ក្រុងកំពត) គម្រោ​ងនេះ មានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC)និងបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២ ដោយប្រើរយៈពេល៤៨ខែ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង។

គម្រោងនេះ ចំណាយថវិកាប្រមាណ ២១៥លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

៤. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប១៨៧,០៥ គ.ម។ មកដល់ពេលនេះ បាននិងកំពុងសាងសង់សម្រេចបានជាង៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ជាថវិកាវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

៥. គម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ២១ តាខ្មៅ-ជ្រៃធំ មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។ គម្រោងបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន៩៥%ហើយ។

៦. គម្រោងសាងសង់ផ្លូវជាតិលេខ៥១ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ៤ សាងសង់ដោយក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន ចំណាយថវិកាអស់ជាង ៤០,៨៨លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

៧. គម្រោងសាងសង់ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-ឃុំរមាត) ក្រាលបេតុងកៅស៊ូប្រវែង ១៦៤គ.ម គិតមកដល់ពេលនេះ សម្រេចបាន៩១% ដោយលើកកម្ពស់គុណភាពផ្លូវ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមា​ណ៣៦លានដុល្លារអាមេរិក។

៨. គម្រោងសាងសង់ស្ពានចំនួន០៧កន្លែង ក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង គម្រោងនេះជាជំនួយឥតសំណងរបស់ជប៉ុន ដោយចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here