ដោយ៖ សុផារី
កំពង់ស្ពឺ៖ បើគិតត្រឹមខែមករា ឆ្នាំ២០២២ កីឡដ្ឋានខេត្តកំពង់ស្ពឹ ដែលមានតម្លៃ២លានដុល្លារ សម្រេចការសាងសង់៧០ភាគរយហើយ ខណៈបច្ចុប្បន្នក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់។
លោក ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមការងារកំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។
លោកបានថ្លែងថា “កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត”។
លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីស្រឡាងមួយក្នុងពេលឆាប់ៗនេះ។
សាងសង់លើផ្ទៃដីប្រមាណ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ៕