ខេត្ត​កំពង់ស្ពឺ​ ​ដក​ហូត​ដី​ព្រៃឈើខុសច្បាប់ទំហំ​២៦ហិកតា​​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​

0

ដោយ៖ សុផារី

កំពង់ស្ពឺ៖​ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ បាន​ចេញ​ដីកា​ស្តី​ពី​ការ​ប្រកាស​បដិសេធ​ និង​ដក​ហូត​ដី​ព្រៃឈើខុសច្បាប់​​ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ លើទីតាំងដីចំនួនពីរកន្លែង ក្នុង​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសរុប ២៦ហិកតា។

​បើតាមដីកា​ចេញ​ដោយ​​អភិបាល​នៃ​គណៈអភិបាល​ ខេត្តកំពង់ស្ពឺ ក្នុង​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ​ ឆ្នាំ​២០២២នេះ​ ​បាន​ប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព របស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងដីចំនួនពីរកន្លែង ដែលមានផ្ទៃដីសរុប ២៦ហិកតា (ម្ភៃប្រាំមួយហិកតា) ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចំណុចនិយាមកា និងផែនទីបង្ហាញទីតាំងដីភ្ជាប់មកជាមួយស្រាប់។

រដ្ឋបាល​កំណត់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា ហើយ​បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងដីកានេះ ត្រូវទុកជានិរាករណ៍។

ក្នុង​ដីកា​ដដែល បាន​ឱ្យ​ផ្តល់​អំណាចដល់​រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកឱរ៉ាល់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ការិយាល័យដែនជម្រកសត្វ​ អនុគណៈកម្មាធិការខេត្ត ក្រុមការងារ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ទន្ទ្រាន យកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធនានា ត្រូវអនុវត្តន៍ ដីកានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី​០២ ខែ​កុម្ភៈ​នេះ​តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here