សណ្ឋាគារធំបំផុត​របស់​សិង្ហបុរី Marina Bay Sands ពង្រីកបន្ថែមក្រោមទុនវិនិយោគច្រើនពាន់លានដុល្លារ

0

ដោយ៖ សុខុម

សិង្ហបុរី: សណ្ឋាគារប្រណីតដ៏ល្បីល្បាញ Marina Bay Sands ដែលជានិមិត្តរូបតំណាងឱ្យប្រទេសសិង្ហបុរី ដ៏ស្រស់ឆើតឆាយនៅពេលនេះកំពុងស្ថិតក្រោមគម្រោងពង្រីកជាមួយទុនវិនិយោគរាប់ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ។

ដោយមានរចនាប័ទ្មជាអគារភ្លោះ៣ និងមាននាវាបន្តុបពីលើយ៉ាងអស្ចារ្យ សណ្ឋាគារ Marina Bay Sands ស្ថិតក្រោមគម្រោងពង្រីកបន្ថែមជាមួយនឹងទុនវិនិយោគ៣,៣ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៦ ដោយលឿនជាងការគ្រោងទុកមុននេះមួយឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនមេ Las Vegas Sands ដែលជាម្ចាស់សណ្ឋាគារនេះ។

គម្រោងជួសជុលកែលម្អសណ្ឋាគារ Marina Bay Sands ក្រោមទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក ក៏ត្រូវបានលោក Rob Goldstein ដែលជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Las Vegas Sands ប្រកាសផងដែរអំឡុងកិច្ចប្រជុំស្ដីពីប្រាក់ចំណូលកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មករា។

នេះមានន័យថា ទុនវិនិយោគសរុបទាំងសម្រាប់ការពង្រីក និងការជួលជុលកែលម្អមានទំហំរហូតដល់ទៅជាង៤,៣ពាន់លានដុល្លារអាមេរិក។

លោក Patrick Dumont នាយកប្រតិបត្តិការនៃក្រុមហ៊ុន Las Vegas Sands ថ្លែងថា ក្រុមហ៊ុនបានសម្រេចវិនិយោគឡើងវិញលើសណ្ឋាគារនេះដើម្បីកែលម្អគុណភាពបន្ទប់ស្វីត (Suite) និងគ្រឿងបរិក្ខារប្រើប្រាស់។

លោកគូសបញ្ជាក់ថា “ការវិនិយោគឡើងវិញនេះឆ្លើយតបទៅនឹងគោលដៅមួយចំនួនដែលដាក់ចេញដោយក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី និងរដ្ឋាភិបាលនៅទីនោះ ក៏ដូចជាដើម្បីជួយឱ្យអាជីវកម្មរបស់យើងរីកចម្រើនក្នុងវិស័យទេសចរណ៍ដែលមានតម្លៃខ្ពស់ផងដែរ”។

នៅពេលសាកសួរអំពីការអាក់ខានដែលអាចកើតមានអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ ដែលបានគម្រោងសាងសង់នានាត្រូវពន្យារពេល លោក Rob Goldstein បានឆ្លើយតបថា ការជួសជុលកែលម្អនេះកំពុងដំណើរការទៅមុខយ៉ាងរលូន។

លោក Patrick Dumont បានបន្ថែមថា ការងារជួសជុលកែលម្អនេះទំនងជាត្រូវចំណាយពេលដល់ទៅ២ឆ្នាំដោយសារកង្វះនៃការផ្គត់ផ្គង់កម្លាំងពលកម្ម និងសម្ភារៈ។

គម្រោងពង្រីកសណ្ឋាគារ Marina Bay Sands នឹងបូកបញ្ចូលទាំងការសាងសង់សាលសម្ដែងមួយ អគារទី៤ ដែលមានបន្ទប់សណ្ឋាគារប្រមាណ ១.០០០បន្ទប់ដែលមានដំបូល Sky Roof ជាមួយអាងហែលទឹក និងភោជនីយដ្ឋានផងដែរ។ ទន្ទឹមនេះក៏នឹងមានសាលប្រជុំ Ballroom សាលពិព័រណ៍ និងហាងលក់រាយប្រណីតៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here