ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនជាង២០ បាននិងកំពុងវិនិយោគ នៅតាមបណ្តាកោះភាគច្រើននៅក្រុងព្រះសីហនុ។
លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមនាល្ងាចថ្ងៃទី៤ កុម្ភៈកន្លងមកថា ខេត្តព្រះសីហនុមានកោះតូច ធំចំនួន៣២ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនជាច្រើនកំពុងវិនិយោគ ហើយបណ្តាកោះ ដែលមានភាពលេចធ្លោ គឺកោះក្របី មានការសាងសង់គំរោងរួច តាមផែនការមេរបស់ខ្លួននិងកំពុងដាក់ឲ្យដំណើរការ កោះឬស្ស៊ី និងកោះសង្សារ ដែលមានការសាងសង់រួចរាល់ និងដំណើរការ។
លោកបន្តថា នៅមានបណ្តាកោះជាច្រើនទៀត កំពុងមានការអភិវឌ្ឈន៍តាមផែនការមេរបស់ខ្លួន ប៉ុន្តែមិនទាន់បានបញ្ចប់គំរោងនៅឡើយ ដោយកំពុងធ្វើបណ្តើរៗ។
កោះល្បីល្បាញជាងគេនៅខេត្តព្រះសីហនុ មានកោះសង្សារ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះតាគៀវជាដើម ដែលជាកោះមានឆ្នេរខ្សាច់ស្អាត និងសក្បុរប្រៀបដូចឋានសួគ៌នៅលើផ្ទៃសមុទ្រ។
ប្រជាពលរដ្ឋខ្មែរភាគច្រើន និយមទៅកំសាន្តនៅតាមបណ្តាកោះនានា ពិសេសកោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ ដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុន Royal Group និងក្រុមហ៊ុនជាច្រើនទៀត។
លោកឃាង ភារម្យបានបន្តថា រហូតមកទល់ពេលនេះ ខេត្តព្រះសីហនុចាប់ផ្តើមមានការចាប់អារម្មណ៍ច្រើន ពីភ្ញៀវទេសចរណ៍ក្នុងស្រុក ដោយសារស្ថានភាពជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រង បានល្អប្រសើរក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក ខេត្តព្រះសីហនុ យើងគ្រប់គ្រងស្ថានភាព នៃការឆ្លងជំងឺនេះ បានយ៉ាងល្អប្រសើរផងដែរ៕