ដោយ : វុត្ថា
ភ្នំពេញ : យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asian Review បានអោយដឹងថាតម្លៃដីៅប្រទេសជប៉ុនកំពុងតែឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល៣ទសវត្សកន្លងមកនេះនៅក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើន និង តំបន់ទេសចរណ៍។
សារព័ត៌មាន Nikkei Asian Review បានដកស្រង់របាយការណ៍ពីក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុនបានង្ហាញថា តម្លៃដីជាមធ្យមសម្រាប់ធ្វើពាណិជ្ជកម្ម និង ឧស្សាហកម្មបានកើនឡើង ០.១ ភាករយ ពីឆ្នាំទៅមួយឆ្នាំរហូតមកដល់ឆ្នាំនេះ ពោលគឺចាប់តាំងពីឆ្នាំឆ្នាំ ១៩៩១ មក។
សារព័ត៌មានបន្តថា តម្លៃដីកើនឡើងនេះផ្អែកលើតម្រូវការដីធ្លីយ៉ាងខ្លាំងជាពិសេសនៅក្នុងទីក្រុងទេសចរណ៍ដូចជា ទីក្រុង Sapporo ទីក្រុង Sendai ទីក្រុង Hiroshima និង ទីក្រុង Fukuoka ។ តម្លៃដីធ្លីជាមធ្យមក្នុងទីក្រុងទាំងនេះបានកើនឡើង ៩,២ ភាគរយ។ សម្រាប់ចំនួនភ្ញៀវទេសចរនៅប្រទេសជប៉ុនបានកើនឡើងដល់ ២០ លាននាក់ក្នុងរយៈពេល ៨ ខែនៃឆ្នាំនេះហើយកំពុងស្ថិតលើផ្លូវត្រូវដែលកាលពីឆ្នាំមុនប្រទេសជប៉ុនទទួលបានអ្នកទេសចរ ២៨,៧ លាននាក់។
សារព័ត៌មាននេះ បញ្ជាក់ទៀតថា តម្លៃដីធ្លីសម្រាប់ធ្វើពាណិជ្ជកម្មនៅទូទាំងប្រទេសបានកើនឡើង ១,១ ភាគរយគិតជាមធ្យមដោយក្នុងនោះ តំបន់ដីធ្លីសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ១៩ ចំណោមតំបន់ចំនួន ៤៧បានដែលបានចុះបញ្ជីបានកើនឡើងនូវតម្លៃគួរអោយកត់សម្គាល់ ។
បើប្រៀបធៀបទៅនឹងតម្លៃដីសម្រាប់សាងសង់លំនៅឋានវិញបានធ្លាក់ចុះ ០,៣ ភាគរយគិតជាមធ្យមនៅទូទាំងប្រទេសជប៉ុន ហើយវាជាឆ្នាំទី ២៧នៃការធ្លាក់ចុះនេះ។ ទោះជាយ៉ាងណាក៏ដោយការរីកចម្រើនផ្នែកទេសចរណ៍នៅតែឃើញតម្រូវការខ្ពស់ចំពោះខុនដូរប្រណិត ជាពិសេសនៅក្នុងទីក្រុង Niseko ។
អ្នកទិញខុនដូរថ្មីចំនួន ៦០ ភាគរយនៅតាមទីក្រុងរមណីយដ្ឋានដែលមានកន្លែងជិះស្គីដ៏ល្បីល្បាញនៅលើពិភពលោកបានមកពីទីក្រុងហុងកុង និងប្រទេសសិង្ហបុរី។ ចំណែកនៅក្នុងទីក្រុង Kutchan ដីសម្រាប់ធ្វើពាណិជ្ជកម្មបានកើនឡើង ៤៥,២ ភាគរយ។ តម្លៃដីធ្លីនៅក្នុងទីក្រុងតូក្យូមិនមានការឡើងថ្លសនោះទេ ។ ដីធ្លីនៅតំបន់ អាគារ Meijiya Ginza បានលក់ក្នុងតម្លៃ ៤១,៣លានយ៉េនក្នុងមួយម៉ែត្រការ៉េក្នុងខែកក្កដាកើនឡើង ៧,៧ ភាគរយ៕