តោះ​ទៅ​ស្តាប់​រឿងល្អៗ ដែល​កើតឡើង​នៅ​ក្រុងព្រះសីហនុ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ខណៈ​មានការ​ត្អូញត្អែរ​ពី​កំនើន​នៃ​ជនជាតិ​ចិន និង​មាន​បាតុភាព​មិន​ប្រក្រតី​មួយចំនួន​កើតឡើង​នៅ​ក្រុងព្រះសីហនុ ទន្ទឹមនឹង​គ្នា​នេះ​រឿងល្អៗជាច្រើន​បាននិងកំពុង​កើតមាន​នៅលើ​ទឹកដី​នេះ​ផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI TIMES SQAURE ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ និង​មាន​កំនើន​ប្រជាពលរដ្ឋ​យ៉ាងច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​កំនើន​នៃ​ជនជាតិ​ចិន ដែល​បានមក​វិនិយោគ និង​រស់នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​នេះ។

វិស័យ​ទេសចរណ៍

ការសិក្សា​នេះ​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ក្នុង​ក្រុងព្រះសីហនុ មាន​ចំនួន​ចន្លោះ​ពី ៧០០០ ទៅ ៩០០០នាក់ ក្នុង​មួយថ្ងៃ ក្នុងនោះ​ទេសចរណ៍​អន្តរជាតិ​ម្នាក់​ចំណាយ១៥០ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​រយៈពេល​ជា​មធ្យម​ពួកគេ​ស្នាក់នៅ​ចំនួន១សប្តាហ៍។

ជាមួយនឹង​កំនើន​ភ្ញៀវ​ទេសចរណ៍​ជាប្រចាំ​នេះ លោក​តាំង សុចិត្រ​គ្រឹ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បន្ត​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ។

កំនើន​ប្រាក់ចំណូល

ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្រុងព្រះសីហនុ​ភាគច្រើន​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការលក់​ដី​ដែលមាន​តម្លៃ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក។ ការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ ដោយ​ផ្ទះល្វែង​មាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋ​អាច​ជួល​បាន​ចន្លោះ ៤០០០ ទៅ ៥០០០ដុល្លារ ក្នុង​មួយខែ ឬ​ច្រើនជាង​នេះ​ប្រសិនជា​ផ្ទះ​ស្ថិត​នៅជាប់​ផ្លូវ​ឯករាជ្យ ដែលជា​ផ្លូវ​មេ​ក្នុង​ទីក្រុង​នេះ។

ការសិក្សា​របស់​ក្រុមហ៊ុន FURI TIMES SQUARE ក៏បាន​រកឃើញ​ផងដែរ​ថា អ្នករក​ការងារ​ធ្វើ​នៅ​ក្រុងព្រះសីហនុ ក៏​ទទួលបាន​ប្រាក់ខែ និង​ប្រាក់ចំណូល​ច្រើនជាង​បណ្តា​ខេត្ត​ដទៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​លំហូរ​អ្នកស្វែងរក​ការងារ​ធ្វើ​កើនឡើង​ខ្លាំង រហូតដល់​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ជាង៣០ម៉ឺ​នាក់។

ដី​ឡើងថ្លៃ​លឿន​លើស​ការរំពឹងទុក

ការសិក្សា​ដដែល​បាន​រកឃើញថា តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​បាន​កើនឡើង​កប់​ពពក​នៅតាម​តំបន់​ជាច្រើន ជាក់ស្តែង​ដី​នៅ​តំបន់​អូរ​ឈើទាល ក្រុងព្រះសីហនុ​បាន​កើន​តម្លៃ​ពី១៥០០ ទៅ២៥០០ដុល្លារ បាន​កើន​ដល់​ចន្លោះ២០១៥ ២០១៧ បច្ចុប្បន្ន​ឡើង​ពី២០០០ដល់៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំណែក​ដី​នៅ​តំបន់​អូរត្រេស​បាន​កើន​ពី៣០០ ទៅ៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ដល់ ចន្លោះ​ពី១៥០០ទៅ២៨០០ដុល្លារ​មួយ​ម៉ែត្រការ៉េ​ផងដែរ។

ទំនិញ​ឡើងថ្លៃ​ឬ

មាន​ពាក្យ​ចចាមអារ៉ាម​បាន​កើតមានឡើង​ខ្លាំង​នៅ​ក្រុងព្រះសីហនុ ពិសេស​ប្រជាជនមាន​ការលើកឡើង​ថា តម្លៃ​ទំនិញ​សព្វសារពើ​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ទ្វេរ​ដង​ឬ​ច្រើនជាង​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ការលំបាក​ក្នុងការ​រស់នៅ ឬ​ត្រូវ​ចំណាយ​ទ្វេ​រដង សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

ប៉ុន្តែ​លោក​វុ​ទ្ឋី ស៊ាន​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​វា​ជា​ពាក្យ​ចចាមអារ៉ាម ដែល​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ការពិត​ទំនិញ​មិនបាន​ឡើងថ្លៃ​ខ្ពស់​ដូច​ការលើកឡើង​នោះទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ទំនិញ​ពិតជា​ឡើងថ្លៃ តែ​ឡើង​ក្នុង​រង្វង់១០ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា “ពាក្យ​ចចាមអារ៉ាម ពិតជា​គួរ​ឲ្យ​ខ្លាច រហូតដល់​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ហ៊ាន​មកលេង​ក្រុងព្រះសីហនុ ដោយសារ​ពាក្យ​បំ​ភ្លើ​ស និង​បំភ្លៃ​ខុសពី​ការពិត។

សន្តិសុខ​សុវត្ថិភាព

ពាក្យ​សន្តិសុខ សុវត្ថិភាព ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​ជាងគេ ប៉ុន្តែ​ការពិត​មិន​មានរឿង​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះទេ ព្រោះ​រដ្ឋាភិបាល​មាន​យន្តការ មាន​សមត្ថកិច្ច​គ្រប់គ្រង​ច្បាស់លាស់​ហើយ មិនមែន​បណ្តោយ​ឲ្យ​ជនបរទេស មក​ធ្វើ​អ្វី​តាមចិត្ត​លើទឹក​ដី​យើង​នោះទេ។

លោក​វុ​ទ្ឋី ស៊ាន​បាន​មានប្រសាសន៍ថា ធម្មតា​នៅ​ប្រទេសមួយ នៅពេល​មាន​ជនបរទេស​ចូលមក​រស់នៅ និង​វិនិយោគ​ច្រើន បាតុភាព​តិចតួច ពិតជា​កើតមានឡើង​ជៀស​មិន​ផុត​នោះទេ។ នេះ​ជា​រឿង​ធម្មតា​នៅក្នុង​ប្រទេសមួយ មិនមាន​អ្វី​ចម្លែក​ឬ​គួរ​ឲ្យ​បារម្ភ​ពេក​នោះទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្លាប់បាន​មានប្រសាសន៍ថា សមត្ថកិច្ច​តែងតែ​តាមដាន​ជាប់​ជាប្រចាំ ដើម្បី​ការពារ​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​ឲ្យ​មាន​ភាពកក់ក្តៅ ដោយ​មិន​ឲ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះទេ ព្រោះ​ប្រទេស​មានច្បាប់ ហេតុនេះ​យើង​អនុវត្តន៍​ច្បាប់ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​មាន​ភាពល្អប្រសើរ និង​មិន​ឲ្យ​បាតុភាព​មិន​ប្រក្រតី​កើតឡើង​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here