ដោយៈ ម៉ាលីស
កែបៈ អភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋ បានលើកឡើងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ពន័្ធខេត្តកែប ចំនួន៣គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។
លោកបានបានលើកឡើងបែបនេះ នៅក្នុងពិធីក្រុងពលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូអាសេ ប្របមាត់សមុទ្រខេត្តកែប ប្រវែង១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ ដែលពីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិតសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ថ្ងៃទី១ មិនា ឆ្នាំ២០២២នេះ។
សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង ដូចជា ទី១-គម្រោងសាងសង់ទីលានកប់សម្រាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុប្រវែង ៣.៥គឺឡូម៉ែត្រ ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង១២គីឡូម៉ែត្រ និងទី៣ គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនិងបច្ចប់នៅឆ្នាំ២០២៣ខាងមុខ។
ចំណែកផ្លូវប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក គឺ
-ផ្នែកដំបូងចាប់ចំណុចផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង១២០០ម៉ែត ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំ។
– ផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង៨៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រផ្នែកខាងស្តាំ។
-ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង៩ម៉ែត្រ ចញ្ចើមផ្លូវ១.៥ម៉ែត្រសងខាង និងផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។ ដោយឡែកសម្រាប់សំណង់សិល្បៈការ្យរួមមាន ធ្វើលូប្រអប់១៣កន្លែប លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែប១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ។
លោកអភិបាលបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង។
លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ជំហានទី២ បានគូបញ្ជាក់ថា ផ្លូវនេះនិងបានជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្បទាទេសចរណ៍ ពិសេសនិងប្រែក្លាយតំបន់ទេសចរណ៍ឆ្នេរអង្កោលនេះ អោយកាន់តែមានសោភណភាព ងាយស្រួសដល់ការធ្វើដំណើររបស់ភ្ញៀវទសចរណ៍ជាតិ អន្តរជាតិ មកកាន់តំបន់នេះ៕