រុស្ស៊ី គំរាមឈប់ផ្គត់ផ្គង់ហ្គាសដល់សហភាពអឺរ៉ុប បើលោកខាងលិចហ៊ានដាក់បម្រាមលើប្រេងរបស់ខ្លួន

0

ដោយៈសុខុម

អន្តរជាតិ: ប្រទេសរុស្ស៊ី បានប្រកាសក្ដែងៗដោយមិនញញើតថា ខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័ន (ហ្គាស) ដ៏សំខាន់របស់ខ្លួន ដែលភ្ជាប់ជាមួយប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិច ហ៊ានដាក់បម្រាមលើប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃអង្គារ ទី៨ មីនា នេះ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា “ការច្រានចោលប្រេងរបស់រុស្ស៊ី នឹងនាំឱ្យទីផ្សារពិភពលោក ឈានទៅដល់មហន្តរាយ” ដែលអាចបណ្តាលឱ្យតម្លៃប្រេងឆៅ ហក់ឡើងលើសពីទ្វេដងរហូតដល់៣០០ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិក បាននិងកំពុងស្វះស្វែងកៀរគរសម្ព័ន្ធមិត្ត ដើម្បីដាក់បម្រាមលើប្រេងរបស់រុស្ស៊ី ជាមធ្យោបាយមួយដើម្បីដាក់ទណ្ឌកម្ម លើប្រទេ​សនេះ ចំពោះការឈ្លានពានចូលប្រទេសអ៊ុយក្រែន។

ទោះជាយាងណា ប្រទេសអាល្លឺម៉ង់ និងប្រទេសហូឡង់ បានច្រានចោលផែនការនេះកាលពីថ្ងៃច័ន្ទ ទី៧ មីនា។

ការជំទាស់នោះ គឺដោយសារសហភាពអឺរ៉ុប ពឹងផ្អែកខ្លាំងលើប្រទេសរុស្ស៊ី ផ្នែកឧស្ម័ន និងប្រេង។

បច្ចុប្បន្ន៤០%នៃឧស្ម័ន និង៣០%នៃប្រេងដែលសហភាពអឺរ៉ុប ប្រើប្រាស់ គឺទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយក្នុងករណីការផ្គង់ផ្គត់របស់រុស្ស៊ី ត្រូវរាំងស្ទះ ឬបិទខ្ទប់ គឺគ្មានអ្វីដែលអាចជំនួសបានដោយងាយៗនោះឡើយ និយាយរួមគឺអាសន្នធំតែម្ដង។

ក្នុងសុន្ទរកថា តាមទូរទស្សន៍រដ្ឋរបស់រុស្ស៊ី លោកAlexander Novak បានលើកឡើងថា “វាមិនអាចស្វែងរកអ្វីមកជំនួសប្រេងរបស់រុស្ស៊ី បានភ្លាមៗឡើយនៅលើទីផ្សារអឺរ៉ុប”។

លោកបានបន្ថែមទៀតថា “វានឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយវានៅតែមានតម្លៃថ្លៃជាង សម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប។ ទីបំផុត ពួកគេនឹងត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បំផុតដោយសារលទ្ធផលនេះ”។

សំដៅដល់ការសម្រេចរបស់អាល្លឺម៉ង់ កាលពីខែមុននៅក្នុងការផ្អាកផ្ដល់អាជ្ញាប័ណ្ណ ដំណើការបំពង់បង្ហូរឧស្ម័ន Nord Stream 2 ជាបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់ប្រទេសទាំងពីរ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា បើឈានដល់ការបិទខ្ទប់ប្រេងរបស់រុស្ស៊ី នោះប្រទេសរុស្ស៊ី នឹងធ្វើការសងសឹកវិញជាមិនខាន។

រុស្ស៊ី ជាប្រទេសផលិតឧស្ម័នធម្មជាតិ ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតប្រេងឆៅធំបំផុតទី២ របស់ពិភពលោក ហើយការចាត់វិធានការណាមួយ ដើម្បីដាក់ទណ្ឌកម្មឧស្សាហកម្មថាមពល របស់ប្រទេសនេះនឹងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសនេះ រងផលប៉ះពាល់ធ្ងន់ធ្ងរ ឬរំលំរលា​យជាមិនខាន៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here