ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ ខេត្តកំពង់ស្ពឺ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានថ្លែងថា សួនកំសាន្តលំដាប់អន្តរជាតិនៅខេត្តកំពង់ស្ពឺ ដែលវិនិយោគដោយក្រុមហ៊ុនជាច្រើន នៅតែបន្តដំណើរការ ដោយមិនមានការបោះបង់នោះទេ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលវិនិយោគគំរោងនេះ បានប្រមូលទិញដីបានអស់រួចរាល់ហើយ។ ការសាងសង់មជ្ឈមណ្ឌលសួនកម្សាន្តលំដាប់ពិភពលោក និងធំជាងគេនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃ៥០០លានដុល្លារ កំពុងធ្វើការលើនិតិវិធីច្្បាប់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបន្តថា គម្រោងវិនិយោគនេះ នឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។
គម្រោងវិនិយោគតំបន់ទេសចរណ៍ សួនទឹកដ៏ធំពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។
លោក វ៉ី សំណាង បានឲ្យដឹងទៀតថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន នឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។លោកបញ្ជាក់ថា បច្ចុប្បន្នគម្រោងនេះ នៅមិនទាន់អាចធ្វើបាននៅឡើយ ដោយសារបញ្ហាជំងឺកូវីដ១៩ និងបញ្ហានីតិវិធីខ្លះទៀត ដែលតម្រូវឱ្យក្រុមហ៊ុនត្រូវមានគម្រោងវិនិយោគ ច្បាស់លាស់បន្ថែមទៀត ដើម្បីងាយស្រួលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលសិន។
លោកបន្តថា “គិតមកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃបានពី៩០ទៅ ៩៥ភាគរយហើយ។ យើងនឹងពន្លឿនលើកិច្ចការនេះ ឲ្យរួចរាល់នៅក្នុងខែនេះ”។
លោកអភិបាលខេត្តកំពង់ស្ពឺ មានសុទិដ្ឋនិយមថា ខេត្តកំពង់ស្ពឺនាពេលអនាគត នឹងក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញទំាងទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពភពលោក នៅពេលគម្រោងអភិវឌ្ឍន៍សួនកម្សាន្តដ៏ធំនេះលេចរូបរាងជាផ្លូវការ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តបាន និងកំពុងជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញប្រវត្តសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គ ឧទ្យានជាតិគិរីរម្យ វីគិរីរម្យផាញរីសត (A2ATown Cambodia) ទឹកធ្លាក់ចំបក់, ទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវ តេទឹកពុះ និងអំពែភ្នំ ជាដើម៕