ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ជាមួយនឹងការរីកចម្រើនដ៏លឿន ស្របពេលទីតាំងពោរពេញដោយភាពអំណោយផល ខ័ណ្ឌជ្រោយចង្វារបាននិងកំពុងរំលេចនូវវត្តមានអាគារខុនដូ និងពាណិជ្ជកម្មចម្រុះថ្មីមួយទៀតហើយ។
វត្តមានអគារខុនដូ Wealth Mansion នឹងរួមចំណែកដល់ទីផ្សារខុនដូនៅកម្ពុជាមួយចំណែកធំ ក្នុងទីផ្សារអចលនទ្រព្យ និងលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ។ អគារនេះបានបញ្ចប់ការសាងសង់គ្រោងអគារជាផ្លូវការហើយ។
ទោះបីជាទីផ្សារខុនដូក្នុងប្រទេសកម្ពុជា មានភាពស្រអាប់បន្តិចក្ដី ដោយសារតែវិបត្តិកូវីដ១៩ និងដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន តែអ្នកអភិវឌ្ឍន៍ខុនដូ នៅតែបន្តសកម្មភាពក្នុងប្រទេសកម្ពុជា ដោយរំពឹងថាទីផ្សារនឹងមានតម្រូវការខ្ពស់ នៅពេលអនាគតឆាប់ៗនេះ។
អគារខុនដូ Wealth Mansion នៅក្នុងតំបន់ជ្រោយចង្វារនឹងចូលរួមចំណែក ក្នុងការផ្គត់ផ្គង់ខុនដូបែបទំនើបមួយ នៅនៅពេលអនាគតឆាប់ៗនេះ ។
លោកឃុន ហេង អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវិនិយោគខុនដូ នៃក្រុមហ៊ុនចលនទ្រព្យ Century 21 Mekong និងជាដៃគូលក់របស់គម្រោង Wealth Mansion បានមានប្រសាសន៍ថា Wealth Mansion មិនត្រឹមតែចាប់ផ្ដើមអភិវឌ្ឍន៍ខុនដូ នៅក្នុងប្រទេសកម្ពុជានោះទេ តែម្ចាស់អភិវឌ្ឍន៍គម្រោងនេះ មានបទពិសោធន៍ជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍អគារនៅក្នុងប្រទេសចិន។
លោកបន្តថា “មុននឹងក្រុមហ៊ុនCentury 21 Mekong ចាប់ដៃជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការលក់គម្រោងក៏យើងបានសិក្សាពីសាវតាពីអ្នកអភិវឌ្ឍន៍ច្បាស់លាស់ផងដែរ ហើយឃើញក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Wealth Mansion នេះក៏បានជួលក្រុមហ៊ុនសាងសង់មានបទពិសោធន៍និងរឹងមាំ ក្នុងការសាងសង់គម្រោងរបស់ខ្លួនផងដែរ”។
លោកបន្ថែមថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នេះ តម្រូវការខុនដូ ហាក់នៅទ្រឹងបន្តិច ប៉ុន្តែយ៉ាងណាក្ដី ការផ្គត់ផ្គង់នៅតែបន្ត ការអភិវឌ្ឍពីសំណាក់វិនិយោគិននៅតែសកម្មភាព ដោយការផ្គត់ផ្គង់ទាំងនោះ មិនផ្ដោតលើទីផ្សារនាពេលបច្ចុប្បន្ននេះទេ តែសម្រាប់ទុកផ្គត់ផ្គង់នាពេលអនាគត ។
ចំណែកលោកពិន ស៊េរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ERA Cambodia ក៏បានមានប្រសាសន៍ឱ្យដឹងថា Wealth Mansion នឹងក្លាយជាចំណែកទីផ្សារធំមួយ នៅក្នុងប្រទេសកម្ពុជា ហើយទីតាំងរបស់អគារWealth Mansion ស្ថិតនៅក្នុងតំបន់លំដាប់ពិភពលោក មានទេសភាពល្អឯក ជាប់មាត់ទន្លេ ។ អ្វីដែលពិសេសសំណង់របស់អគារWealth Mansion ក៏បានជ្រើសរើសដៃគូសាងសង់ដែលមានបទពិសោធន៍យូរឆ្នាំ លើការសាងសង់នៅក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត។
លោកលី ជីកស៊ី នាយកផ្នែកទីផ្សារនៃ Wealth Mansion បានឲ្យដឹងថា ការសាងសង់បញ្ចប់ជាន់ដំបូលអគារ នៃគម្រោង Wealth Mansion ប្រកបដោយជោគជ័យ។ ការលំបាកដ៏ធំក្នុងអំឡុងពេលនេះ គឺការផ្ទុកឡើងនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០។
លោក លី ជីកស៊ី បានឲ្យដឹងទៀតថា សកម្មភាពជាច្រើន នៅក្នុងទីក្រុងត្រូវបានផ្អាក ជាហេតុនាំឲ្យគម្រោង Wealth Mansion ជួបនូវបញ្ហាផ្សេងៗ ប៉ុន្ដែការសាងសង់របស់ក្រុមហ៊ុន មិនត្រូវបានបញ្ឈប់ឡើយ។
ដើម្បីឲ្យការសាងសង់គម្រោងដំណើរការ ទៅតាមការកំណត់ ក្រោមវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន និងដៃគូកិច្ចសហប្រតិបត្ដិការ បានចូលរួមយ៉ាងសកម្ម ដើម្បជំនះនូវបញ្ហាផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែម របស់លោក លី ជីកស៊ី។
បើតាមអ្នកម៉ៅការសាងសង់ នៃគម្រោងWealth Mansion បានឲ្យដឹងថា គម្រោងនេះ មានសារៈសំខាន់ក្នុងការកែលម្អផែនការទីក្រុង និងផ្ដល់អត្ថប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
លោកបន្ដថា ចាប់តាំងពីការបើកការដ្ឋានសាងសង់មក ក្រុមការងារលោក បានធ្វើការប្រកាន់ភ្ជាប់នូវស្មារតី សាងសង់បង្ហាញសមត្ថភាព ក្នុងការកសាងអគារខ្ពស់ស្របតាមស្ដង់ដារ ពន្លឿតដំណើរការសាងសង់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ក្នុងនាមជាអគារខុនដូរ ផ្តល់នូវសេវាកម្ម ការរស់នៅបែបអភិជនដំបូងគេបង្អស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Wealth Mansion គឺជាអគារ ដែលមានកម្ពស់ខ្ពស់បំផុត នៅតាមដងទន្លេសាប មានកម្ពស់១៦៦ម៉ែត្រ សរុប៤៥ជាន់ ដើម្បីផ្តល់នូវសេវាកម្ម ដ៏ល្អឥតខ្ចោះជូនអតិថិជន៕