ដោយៈសុខុម
បាងកក: ពិព័រណ៍សំណង់លំនៅដ្ឋានមួយនៅបាងកក រកប្រាក់ចំណូលបានប្រមាណ១០៦លានដុល្លារអាមេរិក សម្រាប់បណ្ដាក្រុមហ៊ុនម៉ៅការ ដោយអតិថិជនភាគច្រើន បានបញ្ជាទិញផ្ទះក្នុងចន្លោះពី៧៣.៧០០ដុល្លារអាមេរិក ទៅ១៤៧.៥០០ដុល្លារអាមេរិក។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា។
លោក Worawut Kanchanakul ប្រធានសមាគមក្រុមហ៊ុនសាងសង់លំនៅដ្ឋាន (Home Builder Association) និយាយថា ពិព័រណ៍មានឈ្មោះថា Home Builder Focus 2022 ដែលធ្វើឡើងចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ជាយក្រុងបាងកក នេះទាក់ទាញអ្នកចូលរួមទស្សនាជាង១០.០០០នាក់។
លោកបានបន្ថែមថា ផ្ទះគំរូប្រមាណ១.០០០យូនីត ត្រូវបានផ្ដល់ជូនក្នុងពិព័រណ៍នេះ ហើយប្រាក់ចំណូល ដែលបានពីការលក់គឺខ្ពស់ជាងឆ្នាំមុនរហូតដល់ទៅ៧០%។
លោកបានបន្ថែមថា “ក្នុងឆ្នាំមុនៗ ជាធម្មតាពិព័រណ៍នេះ រកចំណូលបានត្រឹម៥៦លានដុល្លារអាមេរិក។ កាលពីឆ្នាំមុន តម្លៃនៃកិច្ចសន្យាសាងសង់ ដែលទទួលបានតែចំនួន៦២លានដុល្លារអាមេរិក ប៉ុន្តែឆ្នាំនេះ យើងមិននឹកស្មានថា ប្រាក់ចំណូលកើនឡើងដល់ទៅ១០៦លានដុល្លារអាមេរិក នោះទេ”។
លោកបាននិយាយថា ចំនួន៤៥%នៃអ្នកដែលចង់សាងសង់ផ្ទះថ្មី បានចុះកិច្ចសន្យាសាងសង់ផ្ទះ ដែលមានតម្លៃចន្លោះពី៧៣.៧០០ដុល្លារអាមេរិក ទៅ១៤៧.៥០០ដុល្លារអាមេរិក ខណៈ៣២%ចុះកិច្ចសន្យាសាងសង់ផ្ទះដែលមានតម្លៃចន្លោះពី១៤៧.៥០០ដុល្លារអាមេរិក ទៅ២០០.០០០ដុល្លារអាមេរិក ហើយមានតែ២%ប៉ុណ្ណោះ ដែលបានចុះកិច្ចសន្យាសាងសង់ផ្ទះដែលមានតម្លៃក្រោម៧៣.៧០០ដុល្លារអាមេរិក។
លោកបានបន្តទៀតថា សមាគមនេះ បានមើលឃើញសញ្ញាសេដ្ឋកិច្ចល្អពីពិព័រណ៍នេះ រួមទាំងការកើនឡើងទំនុកចិត្តរបស់អតិថិជនផងដែរ។ អ្នកដែលមានដី អាចធ្វើការសម្រេចចិត្តបានយ៉ាងងាយ ហើយទីផ្សារសម្រាប់ក្រុមហ៊ុនសាងសង់ផ្ទះ កំពុងតែមានភាពប្រសើរឡើង”៕ The Nation៕