អ្នកជំនាញៈដីនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣និងទី៤កំពុងមានចរន្តទិញលក់ ងើបឡើងវិញ

0

      ដោយៈគង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញអះអាងថា ការទិញលក់ដីឡូត៍ និងការទិញដីវិនិយោគកំពុងមានសកម្មភាពទិញ លក់ប្រសើរឡើងបណ្តើរៗវិញហើយ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញលក់ ក្នុងវិស័យនេះចាប់ផ្តើម មានសញ្ញាប្រសើរឡើងវិញបណ្តើរៗហើយ ពិសេសតំបន់ក្រវ៉ាត់ក្រុងទី៣ និងទី៤ ចរន្តនៃការទិញលក់ ដីឡូត៍ ដីធំៗចាប់ផ្តើមមានសកម្មភាពបណ្តើរហើយ។

លោកបន្តថា ជាមួយគ្នានេះ សកម្មភាពទិញលក់ដីនៅខេត្តមណ្ឌលគិរី ក៏បានកំរើកឡើងវិញបណ្តើរៗផងដែរ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលកន្លងមកនេះ។ លោកបន្តថា ការវិនិយោគដីធ្លី នៅតែបន្តផ្តល់ភាពចំណេញច្រើនពីការវិនិយោគ ហេតុនេះដីធ្លីនៅតែមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យ។

ជាមួយគ្នានេះ លោកបណ្ឌិតឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឥ្យដឹងផងដែរថា ការវិនិយោគដីធ្លី នៅតែមានឱកាសចំណេញ ប្រសិនជាយើងជ្រើសរើសបានទីតាំងល្អ វានឹងទទួលបានផលចំណេញលឿន ដោយតំបន់នៃទិសទាំងបួននៃទីក្រុងភ្នំពេញ មានសក្តានុពលខុសៗគ្នា ប៉ុន្តែកំពុងមានភាពរីកចម្រើនស្របគ្នាផងដែរ គ្រាន់តែតំបន់ខ្លះត្រូវរង់ចាំពេលវេលាបន្តិច ខណៈតំបន់ខ្លះទៀតកំពុងមានភាពរីកចម្រើនខ្លាំង និងលឿន ពិសេសតំបន់ភាគខាងជើងរាជធានីភ្នំពេញ ដែលលោកបានចាត់ទុកថា “ជាតំបន់រស់នៅរបស់អភិជនសម័យថ្មី”។

លោកឧកញ៉ាបានបន្តថា “ការរីកចម្រើននៃវិស័យអចលនទ្រព្យ បាននិងកំពុងបន្តរយៈពេលវែងតទៅទៀត ប៉ុន្តែកម្រិតនៃការវិនិយោគនិងផលចំណេញ អាស្រ័យលើចំណេះដឹង និងលទ្ឋភាពរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here