ដោយៈ សុផារី
ភ្នំពេញៈ ទីផ្សារខុនដូ ដែលបានទទួលផលប៉ះពាល់យ៉ាងខ្លាំង កាលពីឆ្នាំ២០១៩ និង២០២០ បាននិងកំពុងត្រូវបានស្តារ និងងើបឡើងវិញដែលជំរុញដោយកំណើនសេដ្ឋកិច្ចជាតិ និងការបើកចំហរប្រទេសឡើងវិញ។
មួយរយៈចុងក្រោយនេះ ទំហំនៃការងើបឡើងវិញនេះ ហាក់នៅមានកម្រិតនៅឡើយ ដោយសារចំនួននៃអតិថិជនបរទេស ដែលជាអតិថិជនគោលដៅធំបំផុត មិនទាន់បានចូលមកក្នុងប្រទេស និងមានសកម្មភាពទិញលក់ពេញលេញនៅឡើយ។
យ៉ាងណាក្តី អ្នកជំនាញអចលនទ្រព្យអន្តរជាតិ មើលឃើញពីសញ្ញាវិជ្ជមាននៃការងើបឡើងវិញ នៃវិស័យខុនដូយ៉ាងឆាប់រហ័ស នៅក្នុងឆ្នាំ២០២២នេះ ដែលជំរុញដោយកម្លាំងចលករសំខាន់ៗចំនួនបី។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ប្រាប់ Property Area Asia ថា នៅក្នុងឆ្នាំ២០២២នេះ សញ្ញាវិជ្ជមានចំនួនបី នឹងធ្វើឱ្យសកម្មភាពក្នុងការទិញលក់ខុនដូ មានភាពល្អប្រសើរឡើងវិញឆាប់ៗ។
កម្លាំងចលករកត្តាទី១ គឺអ្នកទិញនៅក្នុងស្រុក ដែលមានចំណាប់អារម្មណ៍ចង់ទិញ នឹងទិញខុនដូ។ កាលពីឆ្នាំ២០១៨ ២០១៩ តម្លៃនៃខុនដូមានការឡើងលឿនពេក ដែលធ្វើឱ្យអ្នកទិញក្នុងស្រុក មានការពិបាកក្នុងការទិញ ព្រោះត្រូវប្រកួតប្រជែងតម្លៃជាមួយអ្នកទិញពីខាងក្រៅ។
នៅពេលនេះ អ្នកពីខាងក្រៅមានការថមថយសកម្មភាពទិញ លក់ ធ្វើឱ្យតម្លៃមានភាពសមរម្យ សម្រាប់អ្នកទិញនៅក្នុងស្រុកវិញ អ្នកនាងមានសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ២០២២នេះ អ្នកទិញក្នុងស្រុកនឹងសម្លឹងមើលខុនដូបន្ថែមទៀត។
អ្នកនាងបញ្ជាក់ថា “ខុនដូមួយចំនួនទទួលបានភាពជោគជ័យខ្លាំង ដោយសារក្រុមហ៊ុន អភិវឌ្ឍន៍បានសិក្សាស្វែងយល់ពីអ្នកទិញ ជាពិសេសអ្នកទិញក្នុងស្រុក ដែលជាទូទៅ ទិញហើយអាចចូលមករស់នៅឬ ប្រើប្រាស់ផ្ទាល់ខ្លួន ជាជាងអ្នកទិញហើយទុកចោល ដើម្បីតែវិនិយោគ”។
កត្តាទី២ ដែលជំរុញការងើបឡើងនៃវិស័យខុនដូ គឺចរន្តអ្នកទិញនៅក្រៅស្រុកនៅចុងឆ្នាំ២០២២នេះ អាចនឹងមានមានចរាចរណ៍ត្រលប់មកកាន់ប្រទេសកម្ពុជាវិញបណ្តើរៗផងដែរ។
កត្តាទី៣ ការមិនមានខុនដូថ្មីណាមួយ បើកដំណើរការលក់ នៅក្នុងឆ្នាំនេះនៅឡើយ។ នៅក្នុងឆ្នាំ២០២១ និង២០២២នេះ ក្រុមហ៊ុនអភិវឌ្ឍន៍បានធ្វើការបន្ថយល្បឿនក្នុងការសាងសង់ ដែលនេះក៏ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារខុនដូ ក្នុងការស្រូបយកយូនីត ដែលមានស្រាប់ក្នុងទីផ្សារបច្ចុប្បន្ន។
តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន CBRE ចេញផ្សាយនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា គម្រោងខុនដូធំៗបីចំនួនបីបានបញ្ចប់ការសាងសង់របស់ខ្លួន ខណៈគ្មានគម្រោងថ្មីណាមួយ ប្រកាសបើកដំណើរការនោះទេ។ នៅពេញឆ្នាំ២០២២នេះ ការផ្គត់ផ្តង់ខុនដូត្រូវបានរំពឹងថា នឹងមានចំនួនត្រឹម ១.៣០០០យូនីតតែប៉ុណ្ណោះ ដែលក្នុងនោះ៥ភាគរយនៃការផ្គត់ផ្គង់សរុប ដែលបានរំពឹងទុក បានបញ្ចប់ការសាងសង់ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២នេះ។
អ្នកនាងកេសាបានឱ្យដឹងថា “ដោយសារតែ Supply ថ្មីៗ គាត់បានធ្វើការបន្ថយល្បឿន ខ្ញុំគិតថាយើងអាចមានសុទិដ្ឋិនិយមថា ទីផ្សាររបស់យើងអាចចំណាយពេល១ទៅ២ឆ្នាំ ដើម្បីស្រូបយកយូនីត ដែលមានស្រាប់ក្នុងទីផ្សារ”។អ្នកនាងបន្តថា “ខ្ញុំគិតថា កត្តាទាំងបីនេះគឺជាសញ្ញាវិជ្ជមាន ដែលធ្វើឱ្យការទិញលក់ខុនដូ មិនមានភាពជោរជន់ពេក ដូចកាលពីឆ្នាំ២០១៩ ឬ ឆ្នាំ២០២០”។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានមានប្រសាសន៍ថា ទោះប្រឈមនឹងបញ្ហាកូវីដ១៩ក្តី សកម្មភាពទិញលក់ខុនដូ នៅក្នុងប្រទេសកម្ពុជានៅតែបន្តជាធម្មតា ដោយអ្នកទិញនៅក្នុងស្រុកជាអតិថិជនគោលដៅធំបំផុត សម្រាប់អ្នកអភិវឌ្ឍន៍។
លោកបានមានប្រសាសន៍ថា “សម្រាប់ទីផ្សារជារួម តម្រូវការខុនដូនៅតែមានជាធម្មតា ប៉ុន្តែគម្រោងថ្មីមិនសូវជាមាននោះទេ។ ភាគច្រើនអ្នកទិញជាប្រជាជននៅក្នុងស្រុក តែអ្នកនៅក្រៅស្រុក មិនមានច្រើននោះទេ ដោយសារបញ្ហាប្រឈមនៃកូវីដ១៩ មិនទាន់ធូរស្បើយនៅឡើយទេ”។លោកបន្តថា “ចំណែកភ្ញៀវនៅក្នុងស្រុក ភាគច្រើនគាត់ទិញលក់ៗ និងមានកំណើនច្រើន”៕