ផ្លូវតភ្ជាប់ពីទីក្រុងបូកគោទៅកាន់ផ្លូវជាតិលេខ៤បាននិងកំពុងឆ្ពោះទៅមុខ

0

ដោយៈ ជេស៊ីកា

       កំពតៈ ផ្លូវហាយវេតភ្ជាប់ពីទីក្រុងបូកគោ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៥៨ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាននិងកំពុងឆ្ពោះទៅមុខ។

អ្នកបច្ចេកទេសដឹកនាំកសាងផ្លូវនេះ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៦ ឧសភាកន្លងមកបានឲ្យដឹងថា ការសាងសង់ផ្លូវដែលត្រូវពុះភ្នំ បំបែកផ្ទាំងថ្មជាច្រើន បាននិងកំពុងឆ្ពោះទៅមុខ ដោយយើងសាងសង់បានសម្រេចទាំងលំបាក។

លោកបន្តថា “ការសាងសង់ផ្លូវនេះ ត្រូវបំបែកផ្ទាំងថ្មធំៗ ដែលបង្កឧបសគ្គ និងចំណាយពេលច្រើន មុនពេលផ្លូវនេះសម្រេចតាមជំហ៊ាននិមួយ​ៗ”។លោកបន្តថា “ការសាងសង់ផ្លូវបានជួបនូវអូរទឹកធំៗ ជ្រោះ និងផ្ទាំងថ្មជាបន្តបន្ទាប់ ដែលយើងត្រូវចំណាយពេលយូរ ហេតុនេះការសាងសង់ផ្លូវនេះចេញទៅកាន់ផ្លូវជាតិលេខ៤ អាចមិនបញ្ចប់នៅចុងឆ្នាំនេះនោះទេ”។

ផ្លូវដ៏សំខាន់នេះ នឹងជួយសម្រួលការដឹកជញ្ជូន និងធ្វើដំណើរកំសាន្ត​របស់ប្រជាពលរដ្ឋ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកកាន់ទីក្រុងបូកគោ ដែលកំពុងមានការអភិវឌ្ឍយ៉ាងច្រើន ដែលរួមមានផ្ទះអាជីវកម្ម ផ្ទះវីឡាប្រណីត និងវីឡាលំហែរកាយជាច្រើន។

ផ្លូវហាយវេនេះ បាននិងកំពុងសាងសង់តភ្ជាប់ពីចំណុច វាលស្រែ៥០០ ដែលមានចម្ងាយសរុប១២០គីឡូម៉ែត្រ ដោយផ្លូវនេះត្រូវបំបែកជាពីរ គិតពីចំណុចគីឡូលេខ៣៣ ដោយមួយខ្សែនឹងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ និងមួយខ្សែទៀតតភ្ជាប់ទៅកាន់តំបន់កំពូលភ្នំពេជ្រនិល។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍទីក្រុងបូកគោ ត្រូវការចំណាយប្រាក់ច្រើនណាស់ ដែលមានទំហំចន្លោះ១០ ទៅ២០ពាន់លានដុល្លារ និងចំណាយពេលពី២០ ទៅ៣០ឆ្នាំមិនទាន់ចប់នៅឡើយ។

ជាមួយគ្នានេះ អ្នកឧកញ៉ាបានស្នើសុំបន្តការគាំទ្រ រាជពីរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យការអភិវឌ្ឍន៍ទីក្រុងបូកគោបានលឿន ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចជាតិ។

ទីក្រុងបូកគោ ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្ស ដែមានផ្ទៃដីទំហំរហូតដល់៣០,០០០ហិកតា នៃផ្ទៃដីឧទ្យានជាតិដែលមានទំហំសរុបរហូត​ដល់១៤០, ០០០ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here