ដោយ សុខុម
ប៉េកាំង: តម្លៃផ្ទះថ្មីនៅទីផ្សារប្រទេសចិន ក្នុងខែមេសា ដើមឆ្នាំ២០២២ បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០២១ ដោយសារការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងជាច្រើន ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការបន្ធូរបន្ថយបន្ថែមទៀតក្នុងគោលបំណងជំរុញតម្រូវការលំនៅដ្ឋានក្ដី។
ទិន្នន័យខែមេសា ពីការិយាល័យស្ថិតិជាតិ (NBS) នៃប្រទេសចិន បានបង្ហាញកាលពីថ្ងៃពុធ ទី១៨ ខែឧសភា ថា តម្លៃផ្ទះថ្មីជាមធ្យមក្នុងទីក្រុងធំៗចំនួន៧០បានធ្លាក់ចុះ០,២%បើធៀបនឹងកំណើន០%ក្នុងខែមីនា ដើមឆ្នាំនេះ។
តម្លៃផ្ទះថ្មីក្នុងទីផ្សារប្រទេសចិន បានហក់ឡើង០,៧%បើធៀបនឹងឆ្នាំ២០២១ ដែលជាល្បឿនយឺតបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០១៥។
ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន បានធ្លាក់ចូលក្នុងស្ថានភាពដ៏អាក្រក់មិនធ្លាប់ជួបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយការលក់អចលនទ្រព្យបានដាំក្បាលចុះខ្លាំង ក្រោយពីវិស័យដែលជាសសរស្តម្ភដ៏រឹងមាំនៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរដោយសារវិធានការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរឹងបន្តឹងការខ្ចីប្រាក់ច្រើនហួសហេតុពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។
កាលពីខែមេសា ទីក្រុងជាង៤០បានដាក់ចេញវិធានការជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញផ្ទះ ដោយក្នុងនោះរួមមានទាំងការឧបត្ថម្ភធន ការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចីបន្ថែមទៀតនៅក្នុងមូលនិធិលំនៅដ្ឋានផងដែរ។
ជាងនេះទៅទៀត អាជ្ញាធរហិរញ្ញវត្ថុចិន កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅបានអនុញ្ញាតឱ្យបញ្ចុះអត្រាការប្រាក់បន្ថែមទៀតលើកម្ចីទិញផ្ទះសម្រាប់អ្នកទិញផ្ទះមួយចំនួនផងដែរ ដើម្បីជំរុញកំណើនលក់៕