សៀមរាបកាន់តែបង្ហាញសម្រស់ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនក្រោយ ៣៨ខ្សែដាក់ឱ្យប្រើប្រាស់

0

ដោយៈ វឌ្ឍនៈ

សៀមរាបៈ មុខមាត់ក្រុងសៀមរាបបានផ្លាស់ប្តូរទាំងស្រុង ក្រោយផ្លូវ៣៨ខ្សែ ដែលរដ្ឋាភិបាលបានចំណាយថវិកា១៦០លានដុល្លារអាមេរិក ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយផ្លូវទាំង៣៨ខ្សែនេះ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានធ្វើឱ្យខេត្តសៀមរាប កាន់តែបញ្ចេញសម្រស់បន្ថែម ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនជាតិអន្តរជាតិ។

លោកកែវ សុធារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តសៀមរាបបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវ៣៨ខ្សែ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងក្លាយចំណាប់អារម្មណ៍ទាក់ទាញបន្ថែមទៀត ដល់វិនិយោគិនក្នុងនិងក្រៅប្រទេស ក៏ដូចជា ទេសចរជាតិនិងអន្តរជាតិមកវិនិយោគនិងទស្សនាកម្សាន្ត ហើយបច្ចុប្បន្ននេះផ្លូវ៣៨ខ្សែ ក៏បាននិងកំពុងហុចផលដល់វិស័យអចលនទ្រព្យ ក្នុងខេត្តសៀមរាបបណ្ដើរៗផងដែរ ។

លោកបន្តថា “នៅពេលអនាគត សៀមរាបនឹងកាន់តែទាក់ទាញដល់វិនិយោគ ជាពិសេសវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ សម្រាប់បម្រើសេវាកម្មជូនភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងខេត្តសៀមរាប”។

ចំណែកលោកសំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបក៏បានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងតំបន់សក្ដានុពល នៃខេត្តសៀមរាប ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ហើយ ប៉ុន្តែដោយសារតែស្ថានភាពកូវីដ១៩ អ្វីៗមិនទាន់បានល្អប្រសើរក្នុងលក្ខ​ខណ្ឌសកល ធ្វើឱ្យការវិនិយោគពីបរទេសនៅមានកម្រិតនៅឡើយ។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគ។

លោកបន្តថា “សៀមរាបជាតំបន់ដែលមានការវិនិយោគ លើវិស័យ​ទេសចរណ៍ ដូច្នេះវិនិយោគិនដែលទៅកាន់ខេត្តសៀមរាប នឹងស្វែងរកការវិនិយោគលើអចលនទ្រព្យ បម្រើឱ្យវិស័យទេសចរណ៍ ជាក់ជាមិនខាន”។លោកបន្តថា “ខេត្តនេះមានការអភិវឌ្ឈអចលនទ្រព្យ នៅមានកម្រិតនៅឡើយ ខណៈកំលាំងទិញនៅមូលដ្ឋានមិនទាន់ធំនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here