ក្រុមហ៊ុនOCICបោះទុនរាប់រយលានដុល្លារសាងសង់ផ្ទះអាជីវកម្មនិងវីឡាទំនើបនៅទីក្រុងរណបជ្រោយចង្វារ

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនOCICបាននិងកំពុងបោះទុន រាប់រយលានដុល្លារអាមេរិក ដើម្បីសាងសង់បុរីចំនួនពីរ នៅលើទីក្រុងរណបជ្រោយចង្វារ ដែលកំពុងមានភាពរីកចម្រើ់នខ្លាំង។

ប្រធានគ្រប់គ្រងគំរោងទីក្រុងរណបជ្រោយចង្វារ លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ ឧសភានេះថា បច្ចុប្បន្នក្រុមហ៊ុន កំពុងសាងសង់គំរោងចំនួនពីរ គឺទី១ គំរោងសុវណ្ណមច្ឆា ដែលគំរោងនេះ សាងសង់ផ្ទះអាជីវកម្ម ដែលមានតម្លៃក្នុងរង្វង់១,៤លានដុល្លារអាមេរិក ដែលលំនៅដ្ឋានអាជីវកម្មនេះមានកំពស់៥ជាន់ ដែល៣ជាន់អាចធ្វើអាជីវកម្មបាន និង២ជាន់សម្រាប់ស្នាក់នៅ។

លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេសយ៉ាងច្រើន ដោយសារទីតាំងស្ថិតនៅចំណុចតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦អា និងចំណុចប្រសព្វនៃផ្លូវមេ របស់ទីក្រុងរណបជ្រោយចង្វារ និងផ្លូវសុវណ្ណមច្ឆា​ដែលមានទំហំ២២ម៉ែត្រ”។

លោកម៉េង ចំរើនបានបន្តថា គំរោងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល ដោយដំណាក់កាលទី១ នឹងបញ្ចប់នៅរយៈពរេល៣ឆ្នាំខាងមុខ និងដំណាក់កាលបន្តបន្ទាប់ នឹងធ្វើឡើងតាមផែនការផងដែរ។

ចំណែកគំរោងទី២ ជាគំរោងសួនឧទ្យានជ្រោយចង្វារ សាងសង់លើផ្ទៃដី១៣ហិកតា ហើយគំរោងនេះសាងសង់ប្រភេទវីឡាទំនើបសុទ្ឋ ដែលមានតម្លៃចាប់ពី២០ម៉ឺនដុល្លារ ដល់ប្រមាណ១លានដុល្លារអាមេរិក។នេះបើតាមលោកម៉េង ចំរើនបញ្ជាក់ឲ្យដឹង។

លោកបន្តថា “គំរោងទី២នេះបាននិងកំពុងសាងសង់ ដែលគ្រោងនឹងបញ្ចប់រយៈពេល៥ឆ្នាំខាងមុខនេះ”។

ទីក្រុងរណបជ្រោយចង្វារ មានផ្ទៃដីទំហំជាង១០០ហិកតា ដែលបាននិងកំពុងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន និងលំនៅដ្ឋានប្រណីតៗជាច្រើនទៀត ដែលជាគំរោងមានភាពទាក់ទាញខ្លាំង ដោយសារទីតាំងនេះស្ថិតនៅជាប់មាត់ទន្លេ និងមានទន្លេព័ទ្នជុំវិញ ដែលផ្តល់បរិយាកាសក្នុងការរស់នៅ ពោរពេញដោយផាសុខភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here