ដោយៈសុខុម
ប្រទេសចិនៈ ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេសឈ្មោះ Zaha Hadid Architects (ZHA) បានឈ្នះការប្រកួតគូរប្លង់អគារភ្លោះ កប់ពពកដ៏អស្ចារ្យ Tower C នៅគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ Shenzhen Bay Super Headquarters Base។ នេះបើយោងតាមគេហទំព័រ Engineering Discoveries ចុះផ្សាយកាលពីពេលថ្មីៗនេះ។
គម្រោង Shenzhen Bay Super Headquarters Base នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់មួយ នៅក្រុងស៊ឹនជិន (Shenzhen) ប្រទេសចិន ដែលជាកន្លែងប្រមូលផ្ដុំទៅដោយការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនជាច្រើន ដែលអាចទទួលបុគ្គលិកបានរហូតដល់ទៅ៣០០.០០០នាក់។
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុនេះ នឹងរួមបញ្ចូលទាំងសាលសន្និសីទអន្តរជាតិ សាលពិព័រណ៍ កម្មវិធីវប្បធម៌ និងសិល្បៈ ការអភិវឌ្ឍលំនៅដ្ឋាន មជ្ឈមណ្ឌលដឹកជញ្ជូន និងតំបន់ឆ្នេរដែលមានដីសើមផងដែរ។
ដូចនេះអគារភ្លោះកប់ពពក កម្ពស់៤០០ម៉ែត្រ Tower C ដែលគូរប្លង់ដោយក្រុមហ៊ុន Zaha Hadid Architects (ZHA) នៅក្នុងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុ Shenzhen Bay Super Headquarters Base ខាងលើនេះគឺពិតជាស័ក្ដិសមឥតខ្ចោះ ទៅនឹងស្ថានភាពភូមិសាស្ត្ររបស់ក្រុងស៊ឹនជិន។
ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតបញ្ជាក់ថា តើដំណើរការសាងសង់អគារនេះ នឹងចាប់ផ្ដើមនៅពេលណា សាងសង់លើផ្ទៃដីប៉ុន្មានហិកតា ហើយមានទំហំទុនវិនិយោគច្រើនកម្រិតណានៅឡើយទេ៕ Engineering Discoveries៕