ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានអះអាងថា ការវិនិយោគដីធ្លីនៅតែទទួលបានផលចំណេញជាមធ្យម១៥ភាគរយក្នុងមួយឆ្នាំ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃ ទី២៤ ឧសភាកន្លងមកថា ទីផ្សារដីធ្លីនៅតែទទួលបានផលចំនេញខ្ពស់ ដោយរយៈពេលពីរបីឆ្នាំខាងមុខ អត្រាចំណេញនៅតែរក្សាបាន១៥ភាគរយ ក្នុងមួយឆ្នាំ ធៀបនឹងការវិនិយោគ។
លោកបន្តថា “បើគិតនៅតំបន់ជាយក្រុងដទៃទៀត ដែលមានដូចជា ខ័ណ្ឌព្រែកព្នៅ ខ័ណ្ឌពោធិសែនជ័យ និងខ័ណ្ឌសែនសុខ អត្រាចំណេញស្ថិតក្នុងចន្លោះ២០ទៅ៣០ភាគរយ”។ លោកបន្តថា “បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុកដើរតួនាទីសំខាន់ជាងគេ ដោយទំហំលុយចាប់ពី៥០ម៉ឺនដុល្លារចុះនៅតែមានការបញ្ចេញ សម្រាប់ទីតាំងល្អៗនិងមានផលចំណេញខ្ពស់”។
លោកច្រឹក សុខនីម បានបន្តថា ទោះបីជាមានបញ្ហាដោយសារវិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមកក្តី តែអ្នកវិនិយោគក្នុងស្រុកនៅតែបន្តទិញ នៅតែបន្តវិនិយោគ ព្រោះឱកាសចំនេញមានខ្ពស់ នៅពេលទីផ្សារនិងស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរមកវិញ។
លោកបន្តថា “ការវិនិយោគដីធ្លី នៅតែអាចរកផលចំណេញបាន ធៀបនឹងការវិនិយោគដទៃទៀត ផលចំណេញពីទីផ្សារដីធ្លីនៅតែមានកម្រិតខ្ពស់”៕