តម្លៃដីធ្លីបណ្តោយផ្លូវជាតិលេខ៥ រំពឹងនឹងមានកំណើនខ្ពស់ក្រោយហាយវេអាស៊ាននេះសាងសង់រួច

0

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ដែលឆ្លងកាត់ខេត្តចំនួន៤សំខាន់ៗ គ្រោងនឹងបញ្ចប់នាពេលឆាប់ៗនេះ ខណៈអ្នកជំនាញរំពឹងតម្លៃដីធ្លី នឹងមានកំណើនកាន់តែខ្ពស់ ក្រោយគម្រោងនេះបញ្ចប់ការសាងសង់រួចរាល់។

លោក ហ៊ិន រស់ ស្ថាបនិកភូមិចំការដូងរីសត ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទកាលពីម្សិលម៉ិញនេះថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅមានដីទំនេរច្រើន និងមានតម្លៃសមរម្យនៅឡើយ។ ជាក់ស្តែង តម្លៃដីធ្លីនៅជាប់នឹងផ្លូវជាតិលេខ៥ អាចមានតម្លៃចាប់ពី៣០ដុល្លារអាមេរិក ដល់៨០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

សម្រាប់ប្រភេទដី នៅតាមផ្លូវតូចចូលក្នុងបន្តិច លោកបញ្ជាក់ថា តម្លៃដីធ្លីអាចចន្លោះពី៥ ទៅ១០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ។ យ៉ាងណាក្តី តម្លៃមានការប្រែប្រួលទៅតាមសក្តានុពលទីតាំង ទំហំដី និងទំហំផ្លូវចូល។

លោកហ៊ិន រស់ បន្ថែមថា សព្វថ្ងៃនេះ មានក្រុមអ្នកមានលុយជាច្រើន ងាកមកស្វែងរកទិញដី នៅតាមតំបន់ខាងលើនេះ ដើម្បីទុកវិនិយោគនាពេលអនាគត។

ជាមួយគ្នានេះ លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់បានឱ្យដឹងថា ដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ៥ មានសក្តានុពលខ្លាំង ដោយ​សារដីធ្លីនៅស្របនឹងផ្លូវនេះ ភាគច្រើនជាដីលំនៅដ្ឋាន ដីឧស្សាហកម្ម និងសំរាប់សាងសង់រោងចក្រ​សហគ្រាសនានា។

លោកបញ្ជាក់ថា កាលពីមុនតម្លៃដីធ្លី ស្ថិតនៅចន្លោះពី១៥០០ដុល្លារអាមេរិក ដល់២០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រដើរ នាពេលបច្ចុប្បន្ននេះ អាចកើនថ្លៃដល់៣០០០ដុល្លារ ទៅ៤០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រដើរ។
បើតាមអ្នកជំនាញរូបនេះ សព្វថ្ងៃនេះ គេសង្គេតឃើញ កំណើនច្រើននៃអ្នកទិញ សម្រាប់វិនិយោគទៅជាទីតាំងអាជីវកម្ម និងលំនៅឋាន។ សម្រា​ប់អ្នកវិនិយោគនៅតាមបណ្តោយផ្លូវនេះ គេមើលឃើញពីសក្តានុពល ដោយ​សារផ្លូវនេះជាផ្លូវអាស៊ាន និងអំណោយផល ដល់ការសាងសង់គំរោងអភិវ ឌ្ឈ​ន៍អចលនទ្រព្យ សម្រាប់ធ្វើអាជីវកម្ម និងលំនៅឋាន។

លោកថា “ប្រជាជនដែលទិញដីនៅតាមតំបន់នេះ ភាគច្រើនគឺទិញសម្រាប់ធ្វើជាកន្លែងស្នាក់នៅ និងជាទីតាំងសម្រាប់ធ្វើអាជីវកម្ម”។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ។ ផ្លូវដ៏វែងនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ផ្លូវជាតិលេខ៥ ជាផ្លូវហាយវេកម្រិតអាស៊ាន ដែលតភ្ជាប់រវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃ និងប្រទេសវៀតណាម ហើយស្ថិតនៅក្នុងច្រករបៀងផែនការអភិវឌ្ឍត្បូង ត្បូងនៃក្របខ័ណ្ឌបណ្តាប្រទេស មហាអនុតំបន់ទន្លេមេគង្គផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here