ដីធ្លីក្នុងខេត្តជាប់ព្រំដែនរបស់កម្ពុជាមួយ មិនទាន់មានការចាប់អារម្មណ៍វិនិយោគ និងអភិវឌ្ឍន៍នៅឡើយ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មកដល់ពេលនេះ បណ្ដាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជានិងប្រទេសជិតខាង កំពុងមានការចាប់អារម្មណ៍ ពីវិនិយោគិនជាតិនិងអន្តរជាតិ ប៉ុន្តែមានខេត្តមួយនៅជាប់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាងមួយនោះ តែមិនមានការអភិវឌ្ឍលើដីធ្លីនិងអចលនទ្រព្យនៅឡើយ។

លោកជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៤ ឧសភាកន្លងមកថា មកដល់បច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែង មិនទាន់មានសន្ទុះនៅឡើយ ហើយការអភិវឌ្ឍនៅក្នុងខេត្តនេះ ក៏មើលឃើញថាមានត្រឹមតែជាការពុះដីឡូត៏លក់ និងមិនសូវមានសកម្មផុសផុលប៉ុន្មានដែរ ។

លោកបន្តថា “ដីឡូត៏ដែលអ្នកអភិវឌ្ឍន៍បានពុះ និងលក់ជូនអ្នកមានតម្រូវការឃើញថា ក៏មានទីតាំងនៅជុំវិញទីប្រជុំជនទីរួមខេត្ត ដោយមិនទាន់មានការពុះដីឡូត៏ នៅតំបន់ផ្សេងៗទៀតនៅឡើយទេ”។ លោកបន្តថា “ចំណែកដីឡូត៏ដែលបានពុះលក់នោះដែរ ក៏មានការគាំទ្រត្រឹមតែទីតាំងដីនៅជាប់ផ្លូវធំទៅទៀត ហើយចំពោះទីតាំងដីដែលនៅតាំងក្រោយៗ ឬជាប់ផ្លូវតូចៗ ក៏មិនសូវមានការគាំទ្រដែរ”។

លោកបន្ថែមថា ក្រលេកទៅមើលតំបន់ជាប់ព្រំដែនកម្ពុជា ឡាវ ក៏មិនទាន់មានការអភិវឌ្ឍខ្លាំង ដូចបណ្ដាច្រកព្រំដែនអន្តរជាតិផ្សេងៗដែរ ។ ការទិញលក់ដីធ្លី នៅតែមិនទាន់កម្រើក ហើយទីផ្សារនិងហាងឆេងដីធ្លី ក៏មិនទាន់មានសក្ដានុពលដូចបណ្ដាខេត្តមួយចំនួនដែរ ។

ចំណែកលោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding ក៏បានឱ្យដឹងថា បេសកកម្មរបស់ក្រុមហ៊ុនខ្លួន គឺមានគោលដៅ ចូលទៅគ្រប់តំបន់គ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីក្ដោបព័ត៌មានឱ្យគ្រប់គ្រាន់ និងផ្ដល់ព័ត៌មានដីធ្លី និងការវិនិយោគទាំងនោះ ទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិដើម្បីសម្រេចថា នឹងទៅកាន់តំបន់មួយណា។

លោកបន្តថា “ការអភិវឌ្ឍដីធ្លីនៅតាមតំបន់មូលដ្ឋានជនបទ នឹងជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងតំបន់នោះ បង្កើតការងារធ្វើបានកាន់តែច្រើន ហើយនឹងអាចធ្វើឱ្យអ្នកបញ្ចប់ ការសិក្សានៅសកលវិទ្យាល័យ ត្រលប់ទៅកាន់ភូមិកំណើតខ្លួនវិញ ចូលរួមក្នុងការអភិវឌ្ឍបន្ថែមទៀត”។លោកបន្តថា “អ្វីដែលពិសេស យើងនឹងធ្វើឱ្យគម្លាតរវាងទីក្រុង និងអ្នកជនបទកាន់តែខិតជិតទៅរកគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here