ព្រៃវែងចាប់ផ្ដើមមានសកម្មភាពវិនិយោគអចលនទ្រព្យបណ្តើរៗហើយ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បណ្ដាខេត្តមួយចំនួន ដែលពីមុនមិនសូវមានសក្ដានុពលទាក់ទាញ និងវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសនោះ ពេលនេះ បានចាប់ផ្ដើមទាក់ទាញនិងមានសកម្មភាព វិនិយោគជាបន្តបន្ទា​ប់ និងមានគម្រោងវិនិយោគក្នុងស្រុកមួយចំនួន បានបង្វែរទិសទៅកាន់ខេត្តព្រៃវែង។

លោកម៉ៅ មុនីរតនា ប្រធានសាខានៃ Century 21 Zillion Holding បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ឧសភានេះថា កាលពីមុនខេត្តព្រៃវែង មិនមានការចាប់អារម្មណ៍ លើការវិនិយោគវិស័យអចលនទ្រព្យឬដីធ្លីនោះទេ ហើយតម្លៃដីធ្លីវិញក៏ឃើញថានៅមានកម្រិតទាប មួយហិចតាត្រឹមតែ២លានរៀល៣លានរៀលក៏មានដែរ។

ប៉ុន្តែក្រោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនរវាងកម្ពុជា និងវៀតណាមក៏ឃើញថា តំបន់មួយចំនួននៅក្នុងខេត្តព្រៃវែងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់វិនិយោគិន និងមានវិនិយោគិនក្នុងស្រុកមួយចំនួន បានចាប់ផ្ដើមបញ្ចេញសកម្មភាពវិនិយោគ គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ។

លោកបន្តថា “តាមរយៈសកម្មភាព នៃការវិនិយោគនេះដែរ ក៏បានជំរុញតម្លៃដីធ្លី នៅក្នុងខេត្តព្រៃវែងមានសន្ទុះងើបឡើងខ្ពស់ និងបានកែប្រែដីធ្លីពីតម្លៃ២លានរៀល៣លានរៀល ទៅជាតម្លៃជិត១លានដុល្លារអាមេរិកក្នុងមួយហិចតា ជាពិសេសតំបន់នៅជិតព្រំដែនកម្ពុជានិងវៀតណាម”។ លោកបន្តថា “មួយវិញទៀត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតក៏បាននិងកំពុងធ្វើឱ្យវិស័យដីធ្លី និងអចលនទ្រព្យនៅខេត្តនេះ មានភាពទាក់ទាញមួយកម្រិតទៀតផងដែរ។

ចំណែកលោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ផងដែរថា តាមពិតទៅព្រៃវែង មានទីតាំងមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ តែដោយសារតែកង្វះហេដ្ឋារចនាសម្ព័ន្ធ ទើបធ្វើឱ្យខេត្តនេះ ហាក់នៅឆ្ងាយបន្តិច។ យ៉ាងណាក្ដី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រៃវែង បានជំរុញឱ្យមានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនក្នុងស្រុក និងបានស្វែងរកការវិនិយោគជាបន្តបន្ទាប់ ដូចជា ការពុះដីឡូត៍ ការសាងសង់ផ្ទះល្វែង និងតំបន់ពាណិជ្ជកម្ម នៅច្រកទ្វារអន្តរជាតិជាដើម ។

លោកឧកញ៉ារំពឹងថា “នៅពេលអនាគតខេត្តនេះ នឹងមានគម្រោងជាបន្តបន្ទាប់ទៀតចូលមក និងធ្វើឱ្យសកម្មភាព នៃការវិនិយោគដីធ្លីនិងអចលនទ្រព្យមានភាពសកម្មបន្ថែមទៀតផងដែរ”។

គម្រោងមួយ ដែលបានទៅដាក់ទុនវិនិយោគ នៅក្នុងខេត្តនេះគឺគម្រោងរបស់លោកឌិន សុមេធារឹទ្ធ ដែលលោកគឺជាអ្នកវិនិយោគលើម្រោងលំនៅឋានលំហែរកាយភូមិផ្កាត្រកួន នៅជិតរាជធានីភ្នំពេញ  ហើយបច្ចុប្បន្នលោកកំពុងវិនិយោគគម្រោងថ្មីមួយ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រែវែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here