ដោយៈ សុផារី
ភ្នំពេញៈ គិតត្រឹមរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ ចំនួននៃការប្រើប្រាស់រថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង រហូតដល់៨០០ភាគរយ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដោយមានការកើនឡើងពីចំនួន៩ទៅដល់៨៤គ្រឿង។
ដើម្បីលើកទឹកចិត្តក្នុងការប្រើប្រាស់ រថយន្តអគ្គិសនីបន្ថែមទៀត រដ្ឋាភិបាល និងក្រសួងពាក់ពន្ធបាននិងកំពុងពិចារណា គ្រោងដាក់ចេញការបន្ធូរបន្ថយពន្ធ និងការលើកទឹកចិត្តបន្ថែមមួយចំនួន ដល់អ្នកប្រើប្រាស់រថយន្តអគ្គសនី។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងយ៉ាងនេះ ក្នុងកម្មវិធី MPWT LIVE SHOW លើប្រធានបទ “ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា” នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ស៊ុន ចាន់ថុល សព្វថ្ងៃនេះ មានក្រុមហ៊ុននាំចូលរថយន្តអគ្គីសនីចំនួន៩ក្រុមហ៊ុន និងក្រុមហ៊ុននាំចូលម៉ូតូអគ្គិសនីមួយផ្សេងទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិតម៉ូតូអគ្គីសនីមួយ បានចំនួនប្រហែលជា២០០គ្រឿងមកហើយ។ ជាពិសេស នាពេលថ្មីៗនេះ មានក្រុមហ៊ុន Onion ដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា ដោយបានផលិតបានជាង២០០គ្រឿង ហើយគ្រោងផលិតឱ្យបាន២ពាន់ទៅ៣ពាន់គ្រឿង ក្នុងមួយឆ្នាំផងដែរ និងគ្រោងធ្វើការនាំចេញទៅកាន់ក្រៅប្រទេសផងដែរ។
លោកបានមានប្រសាសន៍ថា ដើម្បីលើកទឹកចិត្ត ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយពន្ធឱ្យស្ថិតនៅត្រឹម៦៣ភាគរយ ក្នុងការនាំចូលរថយន្តអគ្គិសនី ប្រៀបធៀបនឹងពន្ធលើរថយន្តប្រើថាមពលសាំងធម្មតា ដែលស្ថិតក្នុងអត្រាប្រមាណ១២០ភាគរយ។
លោករដ្ឋមន្ត្រីក៏បញ្ជាក់បន្ថែមថា ក្រៅពីនេះ ក្រសួងកំពុងពិចារណា ការបន្ធូរបន្ថយតម្លៃ នៃការចុះបញ្ជីរថយម្តអគ្គិសនី ឱ្យថោកជាងរថយន្តប្រើថាមពលសាំងធម្មតា។ បន្ថែមលើសនេះ ក្រសួងបាននិងពិភាក្សាជាមួយអគ្គនាយកពន្ធដារ ក្នុងការបន្ធូរបន្ថយពន្ធផ្លូវបន្ថែមទៀតផង៕