ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីនៃជោគវាសនា ក្នុងការដឹកនាំប្រទេសកម្ពុជាបន្តរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច។
សម្តេចតេជោបានអះអាងថា ការដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត អាចឈានទៅដឹកនាំប្រទេសបន្តពីសម្តេចបាន គឺចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ គឺឆ្លើយតបទៅនឹងសំណួរក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី “អនាគតរបស់អាស៊ី” រៀបចំឡើងដោយក្រុមហ៊ុននីកកេ (Nikkei Inc.) របស់ជប៉ុន តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងសន្និសីទនេះ អ្នកសម្របសម្រួលកម្មវិធី ដែលតែងតែចោទសួរសំណួរក្តៅៗ ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីនោះ បានចោទសួរសំណួរចំនួនពីរពាក់ព័ន្ធកម្ចីរបស់ចិន និងការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងសំណួរស្តីពី ការតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេននោះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងរួចហើយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ប៉ុន្តែពេលវេលានឹងឡើងទៅជំនួសសម្តេចនាពេលណា គឺទុកមួយអន្លើសិន ហើយការបោះឆ្នោតអាណត្តិទី៧គឺសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតបញ្ជាក់ និងតបតទៅនឹងអ្នកតិះទៀនសម្តេច ជុំវិញការតែងតាំងកូនប្រុស ឱ្យធ្វើជាបេក្ខភាពនាយករដ្ឋម ន្ត្រីបន្តវេននេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការឈ្នះតំណែងនាយករដ្ឋមន្ត្រី គឺពឹងផ្អែកលើការបោះឆ្នោត ដូច្នេះបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត គឺមិនត្រឹមតែលោក ហ៊ុន ម៉ាណែត ទេ ដែលបាត់បង់តំណែង សូម្បីសម្តេចក៏នឹងបាត់បង់ដែរ។ ត្រង់ចំណុចនេះសម្តេចតេជោ ចង់សង្កត់ធ្ងន់ថា តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា គឺពឹងអាស្រ័យទាំងស្រុងលើការបោះឆ្នោត មិនមែនចំណុះលើការតែងតាំង ចេញពីបក្សនោះឡើយ។
សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងថា “ការបន្តវេន ឬមិនបន្តវេន វាចំណុះលើប្រជាជនបោះឆ្នោតឱ្យឬអត់? បើសិនជាប្រជាជនបោះឆ្នោតឱ្យ គឺបញ្ហានេះ វាមិនមែនជាការផ្ទេរតំណែងដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ”។សម្តេចបន្ថែមថា “អ៊ីចឹងនៅពេលបោះឆ្នោតខាងមុខ បើប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេន គឺបានសេចក្តីថា ប្រជាជនយល់ស្របឱ្យគណបក្សប្រជាជនដឹកនាំ ហើយដឹកនាំដោយ ហ៊ុន សែន បន្តទៅដឹកនាំដោយហ៊ុន ម៉ាណែត។ នេះជារឿងធម្មតា ប៉ុន្តែបើគណបក្សប្រជាជនចាញ់ វាបាត់ទាំង ហ៊ុន សែន ហើយវាបាត់ទាំង ហ៊ុន ម៉ាណែត តែម្តង”។
សម្តេចតេជោបញ្ជាក់បន្ថែមថា “បើយើងខ្ញុំមិនធ្វើការបោះឆ្នោត ហើយផ្ទេរអំណាចឱ្យកូន ទើបជារឿងដែលគេនិយាយត្រឹមត្រូវ ខ្ញុំទទួលយក។ ប៉ុន្តែនៅពេលមានការបោះឆ្នោតបែបនេះ ខ្ញុំមិនអាចទទួលយកនូវការតិះទៀនណាមួយនោះទេ”។
ឆ្លើយតបការតិះទៀន រឿងតែងតាំងកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាសំណួរ សួរទៅអ្នកតិះទៀនដែរថា តើពួកគេចង់ឱ្យកូនខ្លួនឯងរកស៊ីមានបាន និងមានការងារល្អធ្វើទេ? សម្រាប់សម្តេច ក៏ដូចជាមនុស្សទាំងនោះដែរ បើពួកគេចង់ឱ្យកូនចៅខ្លួនមានការងារធ្វើល្អ ហេតុអ្វីសម្តេចគ្មានសិទ្ធិ?។
សម្តេចតេជោបានចោទសួរបែបនេះ “អ្នកដទៃទៀតឆ្លើយមក និយាយមក។ ខ្លួនឯងកំពុងតស៊ូដើម្បីអ្វី? ដើម្បីអំណាច ហើយខ្លួនឯងក៏ចង់ឱ្យកូនខ្លួនឯងទៅធ្វើអ្នកធំដែរ ចុះហេតុអ្វីត្រូវដកសិទ្ធិខ្ញុំ មកតិះទៀនខ្ញុំ”។
សម្តេចតេជោ បានអះអាងថា សម្តេចប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនមក គឺចង់ឱ្យមានជោគវាសនាល្អ ហើយការដែលសម្តេចតែងតាំង ឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្តវេន ក៏ព្រោះតែលោកមានចំណេះដឹង និងលទ្ធភាពគ្រប់គ្រាន់។
សម្តេចតេជោបញ្ជាក់ថា “បើកូនខ្ញុំគ្មានចំណេះដឹងគ្រប់គ្រាន់ គ្មានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំក៏មិនបណ្តោយឱ្យសមិទ្ធផលដែលឪពុករបស់វា រួមចំណែកជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា កសាងជាង ៤៣ឆ្នាំ ឱ្យរបូតពីដៃនោះទេ។ ប៉ុន្តែខ្ញុំបានបណ្តុះបណ្តាលកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំ៣នាក់ អាចមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីទាំង៣នាក់ ក៏ប៉ុន្តែពួកគេមិនដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រីទេ”៕