អ្នកជំនាញរំពឹងថា លំហូរ FDI នឹងងើបឡើងវិញនៅចុងឆ្នាំនេះ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ និងពាណិជ្ជកម្មបានរំពឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមានសញ្ញាល្អប្រសើរឡើង នៅចុងឆ្នាំនេះ ស្របពេលស្ថានភាពជំងឺកូវីដបានធូរស្រាល។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ ឧសភាថា សកម្មភាពវិនិយោគពីបរទេស នៅត្រីមាសទី១ និងទី២នេះ យើងមិនសូវឃើញមានចូលមកច្រើននៅឡើយទេ ពួកគាត់មកភាគច្រើន មិនធ្វើសកម្មភាពច្រើននោះទេ។

លោកបន្តថា “ដោយសារប្រទេសចិន មានបញ្ហាប្រឈមនឹងវិបត្តិកូវីដ ហេតុនេះយើងរំពឹងថាចុងឆ្នាំនេះ គាត់នឹងចាប់ផ្តើមវិលត្រលប់មកវិញ”។​លោកបន្តថា “ទោះជាយ៉ាងណាបច្ចុប្បន្ននេះ អ្នកវិនិយោគចិនបានចាប់ផ្តើមបញ្ជូនបេសកជនគាត់មកបណ្តើរៗហើយ ហេតុនេះចុងឆ្នាំនេះយើងមានក្តីសង្ឃឹមច្រើន”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទាក់ទងនឹងលំហូរ FDI អ្វី​ហាក់មានសភាពស្ងប់ស្ងាត់នៅឡើយ ដែលវិនិយោគិនមិនទាន់ចូលមកនៅឡើយ ពិសេសកម្ពុជាពឹងផ្អែកច្រើន លើបណ្តាប្រទេសក្នុងតំបន់អាស៊ី ពិសេ​សប្រទេសចិន ដែលអាចនឹងបន្តបិទរហូតដល់ចុងឆ្នាំនេះ។

អ្នកស្រីបន្ថែមថា “ហេតុនេះអ្វីៗអាចនឹងរង់ចាំ រហូតដល់ដើមឆ្នាំ២០២៣ ទើបពួកគាត់ចូលមកសន្សឹមៗ”។
ទោះជាយ៉ាងណា អ្នកជំនាញជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម បានសម្តែងសុទិដ្ឋិនិយមជាងនេះ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ភាពជាដៃគូគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP) ជាកំលាំងចលករយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ដើម្បីផលិតទំនិញធ្វើការនាំចេញ ដោយរួចពន្ឋទៅកាន់ប្រទេសចិន និងប្រទេសសមាជិក RCEP ដទៃទៀត។

លោកបន្តថា “មែនទែនទៅ អ្នកវិនិយោគចិនបានត្រលប់មកវិញហើយ ពួកគាត់មកបណ្តើរៗ ដើម្បីយកកម្ពុជាធ្វើជាទីតាំងផលិត ដើម្បីនាំចេ ញទំនិញដោយរួចពន្ឋទៅកាន់ប្រទេសចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here