ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន Big C Supercenter Plc ដែលជាប្រតិបត្តិករលក់រាយឈានមុខគេក្នុងប្រទេសថៃ បានទិញយក Kiwi Mart ដែលជាហាងទំនិញងាយស្រួលមួយក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន ដើម្បីពង្រឹងអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
បើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកបុស្តិ៍ ចេញផ្សាយនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ បានឱ្យដឹងថា ការទិញយកមានប្រសិទ្ធភាពគិតត្រឹមថ្ងៃទី១៧ ខែឧសភា ប៉ុន្តែតម្លៃនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
យោងតាមលោក Gary Hardy ទីប្រឹក្សារបស់ Big C Supercenter ក្រុមហ៊ុន Big C Supercenter (Cambodia) បានឈានដល់កិច្ចព្រមព្រៀងទិញយក Kiwi Mart នៅកម្ពុជា កាលពីសប្តាហ៍មុន។ លោកថា “ការទិញយក Kiwi Mart គឺជាឱកាសដ៏សំខាន់មួយ សម្រាប់ទាំង Big C និងក្រុមហ៊ុនមេរបស់ខ្លួនគឺ Berli Jucker Plc ដើម្បីពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ”។
កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យក្រុមហ៊ុន Big C កាន់កាប់ហាង Kiwi Mart ចំនួន១៨សាខានៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ១៧សាខានៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងសាខាផ្សេងទៀតមានទីតាំងនៅខេត្តកំពត។
ផ្សារទំនើប Big C មានវត្តមានក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៩មកម្ល៉េះ ដោយមានផ្សារទំនើប Big C ដំបូងគេបើកនៅក្រុងប៉ោយប៉ែត ដែលមានទំហំសរុប៨.០០០ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ Big C ដំណើរការពីរសាខាក្នុងប្រទេសកម្ពុជា គឺសាខាមួយរបស់ Big C Mini និងសាខាមួយរបស់ Big C hypermarket។
Kiwi Mart ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាហាងងាយស្រួល២៤ម៉ោង ដោយលក់ផលិតផលជាច្រើនប្រភេទ រួមមាន ម៉ាកយីហោបារាំង ថៃ និងក្នុងស្រុក ដោយផ្តោតលើអតិថិជនក្នុងស្រុក និងបរទេស។
លោកបានមានប្រសាសន៍ថា “Big C យល់ថានេះជាឱកាសមួយ ក្នុងការពង្រីកអាជីវកម្មរបស់យើង ដើម្បីគ្របដណ្តប់លើគ្រប់វិស័យ នៃប្រទេសកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ និងក្រៅបណ្តាញ ដែលធ្វើឲ្យផលិតផលរបស់យើង មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងខិតទៅជិតអ្នកប្រើប្រាស់កម្ពុជា”។
លោក Aswin Techachareonvikul នាយកប្រតិបត្តិនៃ Big C Supercenter មានប្រសាសន៍ថា Big C គ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកប្រើប្រាស់របស់ប្រទេស ដែលអំណាចទិញនៅតែបន្តកើនឡើង។ លោកបន្តថា ក្រុមហ៊ុនរំពឹងថា ការពង្រីកអាជីវកម្មរបស់ខ្លួន នឹងអាចបង្កើតឱកាសការងារ សម្រាប់ប្រជាជនក្នុងស្រុក រហូតដល់១.២០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
នៅក្នុងខែមីនា ក្រុមហ៊ុនមេរបស់ Big C គឺ Berli Jucker បានបង្ហាញផែនការចំណាយ ចំនួន ៦០ទៅ ៧០ពាន់លានបាត (ប្រហែល១,៨ពាន់លានដុល្លារអាមេរិក ទៅ២ពាន់លានដុល្លារអាមេរិក) ក្រោមផែនការអាជីវកម្មរយៈពេល៥ឆ្នាំ ដែលដំណើរការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដើម្បីបង្កើនទំហំអាជីវកម្ម លក់រាយទំនើបរបស់ខ្លួនទ្វេដង នៅទូទាំងអាស៊ីអាគ្នេយ៍ ជាមួយនឹងការរំពឹងទុកនៃការលក់ទ្វេដង ដល់២៧០ពាន់លានបាត (ប្រហែល៨ពាន់លានដុល្លារអាមេរិក)។
ទឹកប្រាក់ប្រមាណពី១២ ទៅ១៤ពាន់លានបាត នឹងត្រូវកំណត់ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ខណៈដែលខ្លួនមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍវេទិកាពាណិជ្ជកម្មអាស៊ាន វេទិកាទិន្នន័យអតិថិជន វេទិកាគ្រប់គ្រងអ្នកផ្គត់ផ្គង់ និងវេទិកាអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម ដើម្បីទ្រទ្រង់ការលក់ និងប្រាក់ចំណេញ។
ក្នុងចំណោមថវិកាសរុប៧០% នៃថវិកានឹងគាំទ្រដល់អាជីវកម្មលក់រាយ ខណៈដែល៣០% ត្រូវបានគ្រោងទុកសម្រាប់ការវេចខ្ចប់ ផលិតផលប្រើប្រាស់ និងអាជីវកម្មថែទាំសុខភាព។
ក្រុមហ៊ុននឹងបើកហាងលក់រាយទំនើប ចំនួន២.០៩១ នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងអំឡុងពេលនេះ ដោយបង្កើនចំនួនហាងលក់រាយទំនើបរបស់ខ្លួន ដល់៣.៧៣៩ហាង ពី១.៦៤៨នាពេលបច្ចុប្បន្ន៕