ដោយៈ លក្ខិណា
ភ្នំពេញៈ សហគ្រាសជាច្រើន បានធ្វើអាជីវកម្មលក់ទំនិញរាប់ឆ្នាំមកហើយ តែមិនបានចុះបញ្ជីបង់ពន្ធជូនរដ្ឋនោះទេ ក្នុងនោះក៏មានសហគ្រាសចិនជាច្រើនផងដែរ។
នេះបើតាមប្រសាសន៍របស់លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវិធីពិសេសផ្សាយផ្ទាល់តាមផេកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២ ខែមិថុនា២០២២នេះ។
លោកមានប្រសាសន៍ថា “នៅពេលអតិថិជន បានទិញទំនិញពីសហគ្រាសជាច្រើន ហើយថតវិក្ក័យបត្រមក ដោយមិនមានភាពប្រក្រតីរួចហើយមន្ត្រីពន្ធដារចុះទៅមើល ក៏ពិនិត្យឃើញថា មិនមានចុះបញ្ជីបង់ពន្ធពិតប្រាកដមែន”។ លោកបន្តថា “នៅខ័ណ្ឌចំការមន មានហាងចិនជាច្រើនធ្វើអាជីវកម្មលក់ដូរយូរហើយ តែមិនបានចុះបញ្ជីនៅឡើយ និងសូមឱ្យសហគ្រាសនោះចុះបញ្ជី ដើម្បីបង់ពន្ធទៅតាមច្បាប់”។
លោកគង់ វិបុល បានបន្តទៀតថា នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ត្រូវធ្វើយ៉ាងណា ជំរុញឱ្យការបង់ពន្ធត្រូវធ្វើឡើងមានស្មើភាពគ្នា ព្រោះគោលនយោបាយរបស់រដ្ឋ គឺត្រូវប្រមូលពន្ធឱ្យលទ្ធភាព និងសក្ដានុពល។ មួយទៀត ក្នុងពេលបច្ចុប្បន្ននេះ រដ្ឋយើងមិនទាន់បង្កើតពន្ធថ្មីទេ។ ដូច្នេះការប្រមូលពន្ធគឺត្រូវយកឱ្យអស់លទ្ធភាពសិន ហើយពន្ធដារក៏កំពុងតែអនុវត្តន៍តាមយុទ្ធសាស្ត្រនេះដែរ គឺប្រមូលឱ្យអស់លទ្ធភាពនិងស្មើភាពគ្នា ដោយមិនទុកឱ្យសហគ្រាសមួយបង់ពន្ធ ហើយមួយទៀតធ្វើអាជីវកម្មក្បែរគ្នាតែមិនបង់ពន្ធ។
លោកគង់ វិបុលបានបន្ថែមថា រដ្ឋមិនត្រឹមតែមិនយកពន្ធថ្មីៗទេ តែថែមទាំងបានលើកលែងទៅទៀត ក្នុងវិបត្តិកូវីដ១៩នេះ។ ជាក់ស្ដែងរដ្ឋបានលើកលែងច្រើនណាស់ក្នុងកូវីដ១៩ តែចំណូលពន្ធនៅតែឡើង ។
មានន័យថា យើងបានខិតខំប្រមូលពន្ធឱ្យអស់លទ្ធភាព និងជំរុញឱ្យម្ចាស់អាជីវកម្មចុះបញ្ជីបង់ពន្ធត្រឹមត្រូវនិងស្មើៗគ្នា ដោយមិនមានអ្នកបង់អ្នកអត់បង់នោះទេ។
ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានប្រមាណ១៥០០លានដុល្លារអាមេរិក ហើយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានការកើនឡើង២៩,៣៦ភាគរយ ឬប្រមាណជាង៥៣,២៧ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២២៕