Ford បោះទុន ៣,៧ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីសុទ្ធ F-150 Lightning

0

ដោយៈ សុខុម

អន្តរជាតិ: ក្រុមហ៊ុន Ford បានប្រកាសបោះទុនវិនិយោគថ្មី៣,៧ពាន់លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ក្នុងរដ្ឋចំនួន៣ដូចជារដ្ឋ Michigan រដ្ឋ Ohio និងរដ្ឋ Missouri ដើម្បីផលិតរថយន្ត Mustang ស៊េរីថ្មី និងបង្កើនការផលិតរថយន្តដឹកទំនិញ និងរថយន្ត Van រួមទាំងម៉ូឌែលរថយន្តអគ្គិសនីថ្មីៗផងដែរ។

ក្រុមហ៊ុនផលិតរថយន្តអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋ Michigan នេះបានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងវិនិយោគ២ពាន់លានដុល្លារ នៃទំហំវិនិយោគសរុបនៅក្នុងរដ្ឋខាងលើនេះ ដែលនឹងជួយបង្កើតការងារថ្មីៗបានចំនួន២.០០០កន្លែង។

ការវិនិយោគថ្មីនេះ គឺដើម្បីបង្កើនការផលិតរថយន្ត ប្រើអគ្គិសនីសុទ្ធ F-150 Lightning ឱ្យបានចំនួន ១៥០.០០០គ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួនទទួលបានការបញ្ជាទិញរថយន្តអគ្គិសនី F-150 Lightning ប្រមាណ២០០.០០០គ្រឿងរួចមកហើយ។

ការវិនិយោគនេះ ក៏សម្រាប់ការផលិតរថយន្ត Ford Ranger និងរថយន្ត Ford Mustang ផងដែរ ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់ផែនការលម្អិតថា តើរថយន្ត Ford Mustang ស៊េរីក្រោយនឹងប្រើថាមពលអគ្គិសនី ឬយ៉ាងណានោះទេ។

ទន្ទឹមនេះ ទឹកប្រាក់បន្ថែមចំនួន៣៥លានដុល្លារ ផ្សេងទៀតនឹងត្រូវប្រើប្រាស់ សម្រាប់បង្កើតមជ្ឈមណ្ឌលសេវាអតិថិជន និងវេចខ្ចប់ថ្មីដែលនឹងដឹកជញ្ជូនគ្រឿងបន្លាស់រថយន្ត ទៅឱ្យអតិថិជនដោយផ្ទាល់ផងដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here