លោកបណ្ឌិតគីម ហ៊ាងៈ ការវិនិយោគដីធ្លីនៅកម្ពុជាមានផលចំណេញតិចជាងមុន

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍ វិនិយោគលើវិស័យដីធ្លី ដែលធ្វើឲ្យផ្នែកនេះមានភាពពេញនិយម ប៉ុន្តែតើទីផ្សារដែលប្រៀបដូចជាបឹងមួយ មានមនុស្សចាប់ត្រីកាន់តែច្រើននេះ ពិតអាចរកផលចំណេញបានច្រើនដដែលឬយ៉ាងណា។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អ្នកមានស្រុកខ្មែរប្រមាណ៧០ភាគរយ ជាអ្នកមានបានមកពីដីធ្លី សូម្បីតែលោកខ្លួនឯង ក៏ទទួលភាពមាន​បានដោយសារដីធ្លីផងដែរ ព្រោះរយៈពេល១៨ឆ្នាំ ដែលលោកបានប្រឡូកក្នុងវិស័យនេះ លោកបានធ្វើការជាមួយដីធ្លីជាប់ជាប្រចាំ។

លោកឧកញ៉ាបានបន្តថា នៅពេលសួរថាហេតុអី បានជាការវិនិយោគដីធ្លីមានផលចំណេញច្រើន ហេតុផលដោយសារទី១ តង់ស៊ីតេប្រជាជនយើងមាន១៧លាននាក់ ក្នុងចំណោមនោះ៧០ភាគរយ ជាអ្នកមានវ័យក្រោ​ម៤៤ឆ្នាំ ស្មើនឹងមនុស្ស១១លាននាក់ ទី២ សេដ្ឋកិច្ចយើងជាង២០ឆ្នាំ សម្រេចបានកំណើនជាង៧ភាគរយ ដោយប្រែក្លាយពីប្រទេសតតិយលោក ទៅកាន់ប្រទេសអ្នកមានឆាប់ៗ ហេតុនេះនៅពេលសេដ្ឋកិច្ចកើនឡើង តម្លៃដីធ្លីកើនឡើង។

ទី៣ នយោបាយកម្ពុជា មានលំនឹងណាស់ មនុស្សមិនដែលទៅបរទេស ចេះតែនិយាយផ្តេសផ្តាស់។ អ្នករកស៊ី ត្រូវការស្ថេរភាពនយោបាយយ កម្ពុជាមានលំនឹងនយោបាយ ទី៤ បរទេសមកច្រើន ដោយសារក្រៅពី សេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើនខ្លាំងហើយ គឺមានប្រជាជនរួសរាយរាក់ទាក់ ចេះជួយយកអាសារគេ និងមិនដែលមានគ្រោះមហន្តរាយដោ​យសារធម្មជាតិទេ។

ទាក់ទងសំណួរសួរថា តើការវិនិយោគដីធ្លី នៅតែទទួលបានផលចំណេ​ញ​ច្រើនដដែល សម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា “ការវិនិយោគ និងអភិវឌ្ឍន៍ដីធ្លីនៅតែមាន​ផលចំណេញ គឺគិតពីឆ្នាំ២០២២ ដល់២០៣០ គឺនៅតែចំណេញ ប៉ុន្តែសំខាន់គឺចំណេញយ៉ាងម៉េច?។

លោកឧកញ៉ាបានពន្យល់ថា ពេលណាដែលអ្នកលក់ម្នាក់ តែមានអ្នកទិញ១០នាក់ អ្នកលក់មានផលចំណេញច្រើន ប៉ុន្តែនៅពេលណាមានអ្នកលក់៥ និងអ្នកទិញ១០ ចំណេញតិចជាងមុន ប៉ុន្តែឥលូវនេះវាដល់ពេល​មួយគឺឈានដល់ការប្រកួតប្រជែងខ្ពស់បំផុត មានន័យថា អ្នកទិញ១០ អ្នកលក់១០ គឺភាគរយនៃផលចំណេញធ្លាក់ចុះ។

លោកបន្តដោយលើកជាសំណួរថា “ចឹងសួរថាវិនិយោគដីនៅមាន​​ផលចំណេញឬអត់ ចម្លើយគឺនៅតែចំណេញ ប៉ុន្តែភាគរយនៃផលចំណេញ មានកម្រិតទាបជាងមុន មិនបានខ្លាំងដូចអតីតកាលទាំងគេទាំងយើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here