ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ដោយសារតែវិបត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានបង្កើនការចំណាយរបស់ខ្លួនបន្ថែម ដើម្បីអនុវត្តន៍វិធានការអន្តរាគមន៍បន្ទាន់ៗ ក្នុងការដោះស្រាយផលប៉ះពាល់ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ហើយក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ រដ្ឋាភិបាលប្រើប្រាស់ថវិកាសរុបជាង៣,១ពាន់លានដុល្លារអាមេរិក។ នេះបើតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណរបស់ក្រសួងសេដ្ឋកិច្ច។
នៅក្នុងក្របខណ្ឌនេះបានបង្ហាញផងដែរថា ក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញ នូវធានការអន្តរាគមន៍សង្គម សេដ្ឋកិច្ចចំនួន១០ជុំ សំដៅដោះស្រាយបញ្ហា ចំពោះមុខគាំទ្រសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការគាំពារ អាយុជីវិត និងទ្រទ្រង់ជិវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញកំណើននិងបង្កើនភាពធន់សេដ្ឋកិច្ចសង្គម។
ប្រភពដដែលថា “ដើម្បីគាំទ្រដល់ការអនុវត្តវិធានការទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិចារណកម្មថវិកា និងអាទិភាវូនីយកម្មមុខសញ្ញាចំណាយជាប្រចាំ សំដៅតម្រង់ទិសធនធាន ឱ្យបានកាន់តែចំគោលដៅ និងបានអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងបរិការណ៍នៃការថមថយចំណូលជារួម ដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកា ប្រមាណ៨២៤លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និង១.២៩១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ សម្រាប់អនុវត្តវិធានការបន្ទាន់ៗ ក្នុងការដោះស្រាយផលប់ះពាល៉ ហើយក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលក៏បានវិភាជន៍ ថវិកាចំនួន៩៨៩លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ការបន្តអនុវត្តវិធានការអន្តរាគមន៍។
ឆ្នាំ២០២៣ ស្របទៅនឹងនិន្នាការសកល សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តឈានទៅរកវិថីកំណើនឡើងវិញ ដោយសារការសម្រេចបាននូវភាពស៊ាំសហគមន៍ ក៏ដូចជាការសម្របខ្លួន ទៅនឹងគន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ ក៏ដូចជាអាជីវកម្ម បើទោះបីជាប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ។
របាយការណ៍បានបន្តថា ចន្ទល់សេដ្ឋកិច្ចស្ទើរគ្រប់វិស័យ ត្រូវបានរំពឹងថានឹងមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចសកល និងគោលនយោបាយជំរុញ កំណើនសេដ្ឋកិច្ចក្នុងស្រុក ។ ប៉ុន្តែកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយនិន្នាការសេដ្ឋកិច្ចតំបន់ និងសកល ក៏នៅជួបប្រទះនឹងហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន គួបផ្សំនឹងបញ្ហាប្រឈមកាន់តែស្មុគស្មាញជាងមុន។
ការណ៍នេះ ទាមទារឱ្យមានការដោះស្រាយ បញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា និងពង្រីកប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការណ៍ ដែលបានដាក់ចេញ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពធកម្មសេដ្ឋកិច្ច ជាពិសេសជំរុញសកម្មភាពផលិតកម្ម ក្នុងស្រុកឱ្យកានតែមានសម្ទុះរីកចម្រើនខ្លាំងក្លាផងដែរ៕