ដោយ៖ សុខុម
ញូវយ៉ក: តុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី៦ ខែមិថុនា បានចេញដីការឹបអូសយន្តហោះប្រណីត២គ្រឿងរបស់មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich ដែលជាម្ចាស់ក្លឹបបាល់ទាត់ Chelsea ក្រោមវិធានការរបស់សហរដ្ឋអាមេរិក ដែលបានដាក់បន្ទាប់ពីរុស្ស៊ីបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
ទោះជាយ៉ាងណា លទ្ធភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការកាន់កាប់យន្តហោះទាំង២គ្រឿង ដែលមានតម្លៃរហូតដល់ទៅជិត៤០០លានដុល្លារ នេះគឺមិនទាន់ច្បាស់លាស់នៅឡើយទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី៧ ខែមិថុនានេះ។
មន្ត្រីមួយរូបមកពីក្រសួងយុត្តិធម៌អាមេរិក និយាយថា យន្តហោះធុន Boeing 787 Dreamliner ដែលមានតម្លៃ៣៥០លានដុល្លារ និងយន្តហោះមួយគ្រឿងទៀតធុន Gulfstream G650 ER តម្លៃ៦០លានដុល្លារ មិនស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកនោះទេ ហើយបានបដិសេធមិនទម្លាយថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដឹងថាយន្តហោះទាំងនេះនៅទីណាឡើយ។
ចៅក្រមសហព័ន្ធមួយនៅសង្កាត់ Manhattan ក្រុងញូវយ៉ក បានចេញដីកានេះក្រោមហេតុផលថា ការហោះហើរកាលពីពេលថ្មីៗនេះ នៃយន្តហោះទាំង២នេះបានបំពានការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ដែលបានដាក់ចេញ ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានដាក់ការចោទប្រកាន់ផ្នែករដ្ឋបាលពាក់ព័ន្ធនឹងលោក Roman Abramovich។
មន្ត្រីដដែលនិយាយថា ដីកានេះទំនងជារារាំងក្រុមហ៊ុននានាមិនឱ្យជម្លៀសយន្តហោះទាំងនេះចេញ។ អាជ្ញាធរអាមេរិក កំពុងស្វះស្វែងដាក់សម្ពាធលើបណ្ដាមេដឹកនាំធុរកិច្ច ដែលស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីឱ្យលោក ពូទីន បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។
ភ្លាមៗអ្នកនាំពាក្យមហាសេដ្ឋី Roman Abramovich មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះទេ។ ចំណែកឯលោក Roman Abramovich បានបដិសេធថា លោកគ្មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ដូចការចោទប្រកាន់នោះឡើយ៕