ដោយៈជេស៊ីកា
ភ្នំពេញៈ វិស័យសំណង់បាន និងកំពុងផ្លាស់ប្តូរមុខមាត់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ទៅកាន់កម្រិតថ្មីមួយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង៥៧,០០០ ត្រូវបានចេញឱ្យទៅការដ្ឋានសំណង់ នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់ការងារជាមធ្យមប្រមាណ១៥០,០០០នាក់ ក្នុងមួយថ្ងៃ និងមានទុនវិនិយោគសរុបដែលមានតម្លៃជាង ៦៦ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមគំរោងសំណង់ ដែលបានអនុម័តច្រើនជាងគេ មានដូចជា អាគារពាណិជ្ជកម្ម អាគារសហកម្មសិទ្ឋ(ខុនដូ) លំនៅដ្ឋាន អាផាតម៉ិន ការិយាល័យសម្រាប់ជួលជាដើម។
លោកស្រីអាន សុធីតា អគ្គនាយិកកាក្រុមហ៊ុន PropNex Cambodiaបានលើកឡើងថា កម្ពុជានៅតែស្ថិតក្រោមក្រសែភ្នែក របស់វិនិយោគិនអន្តរជាតិ ដោយសារការវិនិយោគនៅកម្ពុជា ទាក់ទាញបានផលចំណេញច្រើន ធៀបនឹងការវិនិយោគនៅតាមបណ្តាប្រទេសនានាក្នុងតំបន់។
លោកស្រីបន្តថា “ទោះជាយ៉ាងណាផលចំណេញ ពីការវិនិយោគនៅកម្ពុជា បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅតែមានអត្រាខ្ពស់ជាងប្រទេសក្នុងតំបន់នៅឡើយ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា កម្ពុជានៅតែជាទីតាំង ដែលទាក់ទាញការវិនិយោគ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ច ហើយវាជាទីផ្សារថ្មីមួយ ដែលអ្នកវិនិយោគអន្តរជាតិ ងាយស្រួលរកបានផលចំនេញខ្ពស់ ព្រោះតម្លៃដី កំលាំងពលកម្ម នៅតែមានតម្លៃទាប បើធៀបជាមួយប្រទេសជិតខាង។
លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងបទបញ្ញត្តិច្បាប់នានាបានផ្តល់ភាពអនុគ្រោះ និងលើកទឹកចិត្តដល់វិនិយោគិនអន្តរជាតិ ជាមូលដ្ឋានសំខាន់មួយ ដែលកម្ពុជានៅតែទាក់ទាញការវិនិយោគពីបរទេស”៕