ដោយៈជេស៊ីកា
ភ្នំពេញៈ ទីក្រុងរណបធំមួយ ដែលមានផ្ទៃដីទំហំរហូតដល់ជាង៩០០ហិកា កំពុងត្រៀមបង្ហាញរូបរាងនៅពេលឆាប់ៗខាងមុខនេះ ដែលគំរោងនេះនឹងវិនិយោគដោយសេដ្ឋីក្នុងស្រុក។
យោងតាមប្រភពព៌តមាន ដែលគួរឲ្យទុកចិត្តបានៗឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ៨ មិថុនាកន្លងមកថា ទីក្រុងរណបនេះបាន និងកំពុងបញ្ចប់ការរៀបចំផែនការមេរួចហើយ និងត្រៀមប្រកាសបើកដំណើរការ នាពេលខាងមុខនេះ ប៉ុន្តែយ៉ាងណាក៏ដោយអ្វីៗ ស្ថិតក្នុងការសំងាត់ ដែលមិនអាចបញ្ចេញឈ្មោះអ្នកវិនិយោគ និងឈ្មោះទីក្រុងរណបនេះនៅឡើយទេ។
ប្រភពព៌តមានដដែលបានឲ្យដឹងថា ម្ចាស់គម្រោងដ៏ធំនេះ កំពុងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុនចិនធំមួយ ដែលទើបបានបើកការិយាល័យ បន្ទាប់ពីឈានជើងចូលមកកាន់កម្ពុជា។
តំបន់ផ្លូវជាតិលេខ៦អា បាននិងកំពុងលេចចេញនូវវត្តមានបុរី ដែលភាគច្រើន ជាគម្រោងរបស់អ្នកវិនិយោគក្នុងស្រុក ដែលផ្តោតលើការសាងសង់លំនៅដ្ឋានលំដាប់ប្រណីត សម្រាប់អ្នកមានជីវភាពកម្រិតមធ្យមជាន់ខ្ពស់ឡើង។
បច្ចុប្បន្នទីក្រុងរណបនៅតំបន់នេះ កំពុងមានសកម្មភាពច្រើនជាងគេ គឺគំរោងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត គំរោងទីក្រុងរណបតេជោមរកត គំរោងទីក្រុងរណបអ័រគីដេដឺបូតានិក និងគំរោងមួយចំនួនទៀតផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា តំបន់ជ្រោយចង្វារ និងតំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៦អា បាននិងកំពុងបង្ហាញសក្តានុពល ដោយសារតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ ជាតំបន់ដែលផ្តល់នូវផាសុខភាពសម្រាប់ការរស់នៅ ព្រោះតំបន់នេះមានទន្លេព័ទ្ឋជុំវិញ៕