អភិបាលរាជធានីៈភ្នំពេញមានសំណង់បុរី និងបណ្តុំផ្ទះល្វែងកើនឡើងដល់ ៣១០ទីតាំង

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានថ្លែងថា
គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន១៦០៣អគារ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២២។

លោកបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ ក៏រាជធានីភ្នំពេញ ​នៅតែបន្ត​ទ​ទួ​លបាន​គម្រោង សាងសង់ថ្មីៗចំនួន ១០៥០គម្រោង មានផ្ទៃ​ក្រឡា​សំណង់​សរុប ​ប្រមាណ​៤,៦៣លាន​ម៉ែត្រ​ក្រឡា ដែលមានទុនវិនិយោគ ទំហំប្រមាណ២,២៦ពាន់លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​។​​

លោកឃួង ស្រេងបានបន្ថែមថា បើយោងតាមកំណើនសេដ្ឋកិច្ច កម្ពុជានឹងបន្តងើបឡើងវិញ​ នៅប៉ុន្មានឆ្នាំខាងមុខនេះ ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់​វិនិយោ​គិនទាំង​ក្នុងស្រុក និងបរទេស ដែល​ជា​សក្តា​នុពលដ៏ធំ សម្រាប់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យជាពិសេស អគារ​ពាណិជ្ជ​​កម្ម សណ្ឋាគារ សំណង់បុរី អគារស្នាក់នៅរួម ខុនដូ និងផ្សារទំនើប។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន អចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានបង្ហាញក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ថា ចំនួនគម្រោងបូរីនៅកម្ពុជានឹងបន្ដកើនឡើង ដោយព្យាករណ៍ថានឹងមានដល់​ទៅ​ជាង៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងកើនដល់ជិតដល់ចំនួន៤០០គម្រោង នៅចុងឆ្នាំ២០២៣ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here