ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍លំនៅឋាននានារបស់ក្រុមហ៊ុនឯកជន ជាពិសេសក្នុងរាជធានីភ្នំពេញបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។
ជាក់ស្ដែង គម្រោងអភិវឌ្ឍន៍លំនៅឋានមួយ បាននិងកំពុងចូលរួមចំណែកដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។
លោក លន់ ពិសិដ្ឋ ប្រធានវិស្វករប្រចាំគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់បុរីភ្នំពេញថ្មី ទីតាំងតាខ្មៅបានឱ្យដឹងថា មិនមែនតែគម្រោងលំនៅឋានសម្រាប់ទីតាំងតាខ្មៅមួយទេ ដែលចូលរួមដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល តែគ្រប់គម្រោងទាំងអស់ គឺសុទ្ធតែបានចូលរួម ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
លោក លន់ ពិសិដ្ឋ បន្តថា សម្រាប់គម្រោងក្រុងតាខ្មៅ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនេះបាន ចូលរួមដល់ការអភិវឌ្ឍផ្លូវថ្មីៗ ទាំងក្នុងគម្រោង និងផ្លូវជុំវិញគម្រោង ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
លោកបន្តថា ក្រុមហ៊ុនបានចំណាយលើការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធទាំងផ្លូវ ប្រព័ន្ធលូនៅជុំវិញគម្រោងលំនៅឋានបុរីភ្នំពេញថ្មីក្រុងតាខ្មៅ សរុបជិត១លានដុល្លារអាមេរិក ហើយយើងមិនមែនសម្រាប់ជាប្រយោជន៍តែប្រជាពលរដ្ឋ ដែលទិញលំនៅឋានរបស់យើងទេ តែនឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងប្រជាពលរដ្ឋ ដែលធ្វើដំណើរកាត់ តាមតំបន់នោះផងដែរ ។
លោក ជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់ នៃគម្រោងបុរីភ្នំពេញថ្មី បានមានប្រសាសន៍ថា បន្ទាប់ពីស្ថានភាពកូវីដ១៩បានប្រសើរឡើងវិញ ក្រុមហ៊ុនបានចាប់ផ្ដើមអភិវឌ្ឍគម្រោងលំនៅឋានក្នុងទីតាំងក្រុងតាខ្មៅ កាលពីចុងឆ្នាំ២០២១កន្លងទៅ។រហូតមកដល់ពេលនេះ គម្រោងមួយនេះទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដែលមានតម្រូវការច្រើនផងដែរ។
លោកបន្តថា ត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយបើកលក់ ក្រុមហ៊ុនលក់ចេញអស់ប្រមាណ៣៥ភាគរយ ហើយក្រុមការងារសាងសង់ក៏បាន និងកំពុងដំណើរការសាងសង់យ៉ាងរលូន ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជុំវិញគម្រោង និងក្នុងគម្រោងជាមុនសិន ហើយបន្តបន្ទាប់នឹងចាប់ផ្ដើមសម្រុកការសាងសង់លំនៅឋាន ដើម្បីផ្ដល់ជូនអតិថិជន ទៅតាមផែនការ ដែលគ្រោងទុក។
លោកបន្តថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ នៅតែមានតម្រូវការខ្ពស់ និងទាមទារឱ្យមានការអភិវឌ្ឍបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ជូនអ្នក ដែលមានតម្រូវការ ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត។ យើងឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ មានគូស្វាមីភរិយាជាច្រើនគូ បានរៀបការរួច និងត្រូវការលំនៅឋានសម្រាប់ស្នាក់នៅ។ យ៉ាងណាមិញ លំនៅឋានសម្រាប់ធ្វើអាជីវកម្មក៏កំពុងមានតម្រូវការដែរ ស្របនឹងការអភិវឌ្ឍប្រទេស។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍលំនៅឋានបានធ្វើឱ្យមានការកែប្រែតំបន់ស្ងាត់ ទៅជាតំបន់អ៊ូរអរ ដូចជាតំបន់វាលស្រែ ទៅជាតំបន់លំនៅឋាន មានផ្លូវខ្វាត់ខ្វែង ពីព្រោះថា នៅពេលមានគម្រោងអភិវឌ្ឍន៍លំនៅឋាន គឺតែងតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងលូ ជាដើម។ ដូច្នេះការអភិវឌ្ឍលំនៅឋានកាន់តែច្រើននឹងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះក៏កាន់តែច្រើនដូចគ្នា៕