ដោយៈវឌ្ឍនៈ
ភ្នំពេញៈ វិបត្តិទឹកស្អាតបានកើតឡើងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ លែងជាបញ្ហាទៀតហើយ។ នេះបើតាមការលើកឡើងរបស់អគ្គនាយករដ្ឋាករទឹកស្អាតក្រុងភ្នំពេញ។
លោកឡុង ណារ៉ូអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញបានបញ្ជាក់ឲ្យដឹង ក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី៩ មិថុនានេះថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០២៣តទៅ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងលែងខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ។ លោកបន្តថា ក្នុងរាជធានីភ្នំពេញនៅខ្វះទឹកស្អាតប្រមាណ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយនៅឆ្នាំ២០២៣ខាងមុខក្នុងអំឡុងខែកក្កដា ឬខែសីហា ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង នឹងមានសមត្ថភាពផលិតទឹកស្អាត បាន១៩៥ពាន់ម៉ែត្រគូប ។ ដូច្នេះនៅពេលអាងនេះរួចរាល់ នឹងបញ្ជូនទឹកមកយើងហើយយើងក៏អាចបញ្ជូនទឹកនោះ ទៅកាន់តំបន់ដែលកំពុងខ្វះខាតកាន់តែច្រើន។
លោកបន្តថា “បរិមាណ១៩៥ពាន់ម៉ែត្រគូបនេះ គឺជិតគ្រប់នឹងតម្រូវការទៅហើយ ដូច្នេះយើងខ្វះតែ៥ពាន់ម៉ែត្រគូបទៀតតែប៉ុណ្ណោះ នឹងបំពេញតម្រូវការបានគ្រប់គ្រាន់ហើយ”។ លោកបន្តថា “ នៅឆ្នាំ២០២៤ខាងមុខ អាងប្រព្រឹត្តិកម្មទឹកស្អាត នៅបាក់ខែងដំណាក់កាលទី២ ក៏ចាប់ផ្ដើមសាងសង់បន្ត ដូច្នេះយើងនឹងមានទឹកលើស ពីតម្រូវការសេវាកម្មរបស់យើង តែ រដ្ឋាករទឹក នឹងត្រូវពង្រីកបណ្ដាញទុយោទឹកបន្ថែមទៀត ដើម្បីឱ្យបានគ្រប់ប្រព័ន្ធបណ្ដាញទឹក៦៧០គីឡូម៉ែត្រ”។
ខាងមន្ត្រីរដ្ឋាករទឹកកំពុងមមាញឹក ក្នុងការតបណ្ដាញនិងពង្រីកបណ្ដាញចែកចាយឱ្យបានគ្រប់គ្រាន់ ហើយនៅពេលអាងប្រព្រឹត្តិកម្មដំណាក់កាលទី២សង់រួចយើងបានបង្ហូរទឹកទៅដល់ទីនោះ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្លាប់បានលើកឡើងផងដែរពីកបញ្ហាខ្វះទឹកប្រើប្រាស់នៅភ្នំពេញនិងក្រុងតាខ្មៅ គឺដោយសារតែកំណើនអគារពាណិជ្ជកម្មខ្ពស់ៗ នៅកណ្ដាលក្រុងភ្នំពេញ។ ដូច្នេះហើយទើបធ្វើឱ្យតម្រូវការទឹកកើនឡើងខ្ពស់ និងបានធ្វើឱ្យសម្ពាធទឹក នៅតំបន់ជាយក្រុងចុះខ្សោយ ។ តែយ៉ាងណាក្ដី នៅក្រោយចូលឆ្នាំខ្មែរកន្លងមកនេះ តំបន់ដែលធ្លាប់ខ្វះទឹកប្រើប្រាស់ ក៏មានទឹកប្រើប្រាស់ឡើងវិញ ទោះបីជានៅក្នុងសម្ពាធខ្សោយបន្តិចក៏ដោយ៕