ដំណឹងល្អៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងជួយសិក្សារោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនាពេលខាងមុខ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានសន្យាជួយសិក្សាលម្អិត គម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទីពីរ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។​

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី៩ មិថុនា លោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អាត នៅខែតុលា ឬខែវិច្ឆិកាខាងមុខ។​

លោកបន្តថា “គម្រោងផែនការមេ Master Plan របស់រដ្ឋាករទឹកមានហើយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ រោងចក្រទឹកស្អាតជាបន្តបន្ទាប់ ប៉ុន្តែគម្រោងនីមួយៗ ត្រូវការសិក្សាលម្អិត ផ្អែកលើកត្តាសេដ្ឋកិច្ច បច្ចេក​ទេស​ និងទីតាំង”។​លោកបន្ថែមថា “ឥឡូវយើងទទួលបានភ្លើងលឿង ពី AFD អំពីការសិក្សា ក្រោយពីឆ្នាំ២០២៤-២០២៥ តើយើងត្រូវធ្វើអ្វីទៀតបន្ត?”។

រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ យកផែនការមេជំហានទីបីនេះ មកធ្វើការសិក្សា ដោយAFD និងអង្គការមួយរប​ស់បារាំង ឱ្យលុយជួលទីប្រឹក្សាបច្ចេកទេស ចុះមកសិក្សាលម្អិតនាពេលខាងមុខ។

លោកបន្តទៀតថា ការសាងសង់រោងចក្រពីមួយឆ្នាំទៅមួយឆ្នាំ មាននៅក្នុង Master Plan ប៉ុន្តែយើងត្រូវសិក្សាលម្អិត ទៅលើលក្ខណៈសេដ្ឋកិច្ច លក្ខណៈបច្ចេកទេស ថាតើសាងរោងចក្រណាមួយ ដែលចំណាយហើយកាត់បន្ថយថ្លៃដើមរដ្ឋាករទឹក និងងាយស្រួលក្នុងការផលិតជាងគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here