ហ្វាំងឡង់គ្រោងសង់របងខណ្ឌចែកព្រំដែនប្រវែង១.៣០០គីឡូម៉ែត្រដើម្បីទប់ទល់ការគំរាមកំហែងពីរុស្ស៊ី

0

ដោយ៖ សុខុម

អន្តរជាតិ: រដ្ឋាភិបាលហ្វាំងឡង់ គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីព្រំដែន ដើម្បីអនុញ្ញាតឱ្យមានការសាងសង់របងខណ្ឌចែកព្រំដែនភាគខាងកើតរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីពង្រឹងការត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ ស្របពេលប្រទេសរុស្ស៊ីកំពុងឈ្លានពានប្រទេសអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឱ្យដឹងថា ប្រទេសហ្វាំងឡង់ ដែលបច្ចុប្បន្នកំពុងស្នើសុំចូលជាសមាជិកភាពអង្គការបក្សសម្ព័ន្ធយោធា NATO របស់លោកខាងលិច ធ្លាប់មានប្រវត្តិសង្រ្គាមជាមួយរុស្ស៊ី ប៉ុន្តែបច្ចុប្បន្នតំបន់ព្រំដែន ដែលគ្របដណ្តប់ដោយព្រៃក្រាស់ ខណ្ឌចែករវាងប្រទេសទាំង២ ត្រូវបានកំណត់ដោយស្លាកសញ្ញា និងខ្សែផ្លាស្ទិកតែប៉ុណ្ណោះ លើព្រំដែនប្រវែង១.៣០០គីឡូម៉ែត្ររបស់ខ្លួន។

រដ្ឋាភិបាលហ្វាំងឡង់ បានប្រញាប់ប្រញាល់ពង្រឹងសន្តិសុខតាមព្រំដែន ខណៈដែលខ្លួនបារម្ភខ្លាចរុស្ស៊ី អាចប៉ុនប៉ងដាក់សម្ពាធលើប្រទេសហ្វាំងឡង់ តាមរយៈការបញ្ជូនជនស្វែងរកសិទ្ធិជ្រកកោនទៅកាន់ព្រំដែនរបស់ខ្លួន។

ការធ្វើវិសោធនកម្មច្បាប់នេះ រួមបញ្ចូលទាំងសំណើមួយ ដើម្បីអនុញ្ញាតឱ្យខ្លួនផ្ដោតលើការទទួលពាក្យសុំសិទ្ធិជ្រកកោន តែនៅចំណុចជាក់លាក់នៃការសុំចូលផងដែរ។

ក្រោមច្បាប់បច្ចុប្បន្នរបស់សហភាពអឺរ៉ុប ជនចំណាកស្រុកមានសិទ្ធិស្នើសុំសិទ្ធិជ្រកកោនក្នុងប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប នៅចំណុចច្រកចូលណាមួយក៏បាន។

វិសោធនកម្មនេះក៏នឹងអនុញ្ញាតឱ្យមានការសាងសង់រនាំងខណ្ឌចែកព្រំដែន ដូចជារបង ព្រមទាំងផ្លូវថ្មីៗផងដែរ ដើម្បីសម្រួលដល់ការល្បាតព្រំដែននៅខាងទឹកដីហ្វាំងឡង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here