ដោយៈ វិវឌ្ឍន៍
ភ្នំពេញៈ ក្រុមហ៊ុនថៃឈ្មោះAviation Maintenance បានបង្ហាញពីគំរោងបើកសាលាបង្រៀនអាកាសយានិក (Pilot) និងជំនាញជួសជុល និងថែទាំយន្តហោះ (Engineer maintenance) នៅកម្ពុជា ខណៈវិស័យអាកាសចរណ៍កម្ពុជា កំពុងមានកង្វះខាតជំនាញមួយនេះ។
នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកហឿន សំនៀងបានបានមានប្រសាសន៍ឲ្យដឹងថា លោកបានជួបជាមួយនឹងក្រុមហ៊ុន Aviation Maintenance Expert Enterprise Co,.Ltd និងក្រុមហ៊ុន Private Jet (JFT Jet) កាលពីថ្ងៃទី ១៣ មិថុនា ដោយបានពិភាក្សាអំពីផែនការនៃការបើកដំណើរការនេះ ប៉ុន្តែវាគ្រាន់តែជាការពិភាក្សាបឋម និងជាការសិក្សាដំបូងដោយមិនទាន់ទទួលបានលទ្ធផលទេ។
លោកបន្ថែមថា “បើកសាលាបង្រៀនអាកាសយានិក និងជំនាញជួសជុល និងថែទាំយន្តហោះនេះ ជាគម្រោងរបស់ខាងក្រុមហ៊ុនថៃ Aviation Maintenance ដោយក្រុមហ៊ុននេះបានស្នើសុំជួបវិទ្យាស្ថាន ដើម្បីពិភាក្សាកិច្ចការងារនេះ ខណៈក្រុមហ៊ុន Private Jet (JFT Jet) គឺជាក្រុមហ៊ុនក្នុងស្រុក ដែលប្រតិបត្តិការអាជីវកម្មលើផ្នែកនេះ ដូច្នេះក្រុមហ៊ុនមានព័ត៌មានអំពីតម្រូវការទីផ្សារ ចំពោះអ្នកជំនាញនៅក្នុងផ្នែកអាកាសយានិក ជួសជុល និងថែទាំយន្តហោះ។
លោកហឿន សំនៀងបានបញ្ជាក់ទៀតថា “រាជរដ្ឋាភិបាលយើងលើកទឹកចិត្តឱ្យក្រុមហ៊ុនមាន Private Jet ដោយខ្លួនឯង ដែលធ្វើឱ្យទីផ្សារផ្នែកនេះមានការផុលផុសទើបក្រុមហ៊ុន Private Jet (JFT Jet) បានធ្វើការជាមួយក្រុមហ៊ុននៅថៃ និងស្ថានទូតថៃ ដើម្បីចាប់ផ្តើមសិក្សាលទ្ធភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន ឬដៃគូផ្សេងៗទៀត ដើម្បីធ្វើការងារនេះ”។លោកបន្តថា “ប្រសិនគម្រោងបើកសាលាបង្រៀនអាកាសយានិក និងជំនាញជួសជុល និងថែទាំយន្តហោះ អាចដំណើរការបាននាពេលអនាគតពិតមែននោះ វាជាឱកាសថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការបង្ហាញពិភពលោកថា វិស័យដឹកជញ្ជូនគមនាគមន៍កម្ពុជាមានការរីកចម្រើន”។
លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកាក្រុមហ៊ុនPrivate Jet ( JFT Jet) បានប្រាប់ថា ការចាប់អារម្មណ៍របស់ក្រុមហ៊ុន Aviation Maintenance នេះ គឺដោយសារតែក្រុមហ៊ុន បានមើលឃើញកាលានុវត្តភាពលើវិស័យអាកាសចរណ៍នេះ បន្ទាប់ពីប្រទេសថៃ និងកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញដូចគ្នា។
លោកស្រីបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុន Aviation Maintenance កំពុងសិក្សាពីលទ្ធភាពនៅក្នុងការបើកជំនាញនេះ នៅឡើយ ហើយក្រុមហ៊ុនមួយនេះ គ្រោងនឹងជួបជាមួយខាងអាកាសចរស៊ីវិលបន្តទៀត ដើម្បីពិភាក្សាលើការបើកសាលាបណ្តុះបណ្តាលនេះ៕