ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុនជាតិ អន្តរជាតិចំនួនហូតដល់១៤,៦៧៦ក្រុមហ៊ុនធ្វើអាជីវកម្មនៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំនេះ ពោលគឺចាប់ពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំទុនវិនិយោគ និងក្រុមហ៊ុនដូចរៀបរាប់ខាងលើនេះ។ ក្រុមហ៊ុនទាំងនោះបានចុះបញ្ជីតាមវិស័យ អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់ប្រភេទមានជាង ៣៩%, សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារជាង១០%, សកម្មភាពអចលនទ្រព្យជិត ៩%, កម្មន្តសាលជាង៨% ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង៦%, និងវិស័យផ្សេងៗទៀតជិត២៧%។
ចំណែកទំហំវិនិយោគនៅតាមវិស័យវិញ រួមមានក្រុមហ៊ុនសាងសង់គ្របដណ្តប់ជាង២១% កម្មន្តសាលជាង១៨% អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់ប្រភេទជាង១៥% សកម្មភាពអចលនទ្រព្យជាង១៤% សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងជាង ៧% និងវិស័យផ្សេងៗទៀតជិត២៣%ផងដែរ។
ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន២ដំណាក់កាល ក្នុងនោះសម្រាប់ដំណាក់កាលទី១ បានដាក់ឱ្យដំណើរការជាផ្លូវការ អស់រយៈពេល២ឆ្នាំកន្លងមកហើយ គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំណែកដំណាក់កាលទី២ បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២១ ផ្តោតលើការផ្តល់អាជ្ញាប័ណ្ណជំនាញ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និង បញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទីបី នៅពេលខាងមុខ ដែលមានក្រសួង និងស្ថាប័នជាច្រើនផ្សេង៕