ដោយៈ សុខុម
អន្តរជាតិ: សង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១១៤ហើយគិតត្រឹមថ្ងៃទី១៧ ខែមិថុនាម្សិលម៉ិញនេះ ប៉ុន្តែភ្លើងសង្គ្រាមនេះ នៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយបង្ហូរឈាមគ្នាទៅវិញទៅមកកាន់តែស៊ីសាច់ហត់ឈាម។
ទោះបីជាភ្លើងសង្គ្រាមនេះ ត្រូវបានបញ្ឆេះដោយរុស្ស៊ី ដោយសំអាងលើហេតុផលផ្សេងៗយ៉ាងណាក្ដី ក៏មិនច្បាស់ថាអ្នកណាជាអ្នកទទួលជ័យជម្នះពិតប្រាកដនោះឡើយ។ រុស្ស៊ី បាននិងកំពុងបាញ់គ្រាប់ផ្លោង ទៅលើប្រទេសអ៊ុយក្រែន ឥតឈប់ឈរ ដែលធ្វើឱ្យអ៊ុយក្រែន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញបំផ្លាញខ្ទិចខ្ទី ប៉ុន្តែរុស្ស៊ី ក៏ត្រូវបង្ខំចិត្តដកថយ និងបោះបង់ក្តីស្រមៃដណ្ដើមកាន់កាប់រដ្ឋធានីគៀវ ខណៈការប្រយុទ្ធគ្នានៅតែកើតមាននៅតាមទីក្រុងនានា។
នៅក្នុងសង្គ្រាមនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលបានអាវុធទំនើបៗយ៉ាងច្រើន សន្ធឹកសន្ធាប់ពីលោកខាងលិច បន្ទាប់ពីមានការអំពាវនាវជាច្រើនលើកច្រើនសា សុំឱ្យជួយគាំទ្រដល់អ៊ុយក្រែន ខណៈមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងបង្កើនការបាញ់គ្រាប់ផ្លោង ដើម្បីបង្កការខូចខាតឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។
ភាគីរុស្ស៊ី បានទម្លាក់គ្រាប់បែកលើតំបន់ផ្សេងៗ ហើយមិនលើកលែងសូម្បីតែជនស៊ីវិល។
រុស្ស៊ី ក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម សង្គ្រាមជាច្រើនករណីផងដែរ។ ភាគីទាំងសងខាងបានធ្វើការចោទប្រកាន់គ្នា ទៅវិញទៅមកឥតឈប់ឈរ។ ហើយភាគីទាំងពីរក៏បានធ្វើសេចក្តីថ្លែងការណ៍ និងការអះអាងផ្សេងៗ
ដែលពិបាកនឹងផ្ទៀងផ្ទាត់ដឹងថាមួយណាពិត មួយណាមិនពិតណាស់។
ទន្ទឹមនោះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន ត្រូវបានបង្កើតឡើងជុំវិញសង្គ្រាមឈ្លានពាននេះ និយាយរួមប្រទេសទាំងពីរ មិនត្រឹមតែប្រយុទ្ធគ្នាលើសមរភូមិនោះទេ សូម្បីលើប្រព័ន្ធផ្សព្វផ្សាយក៏ពួកគេប្រយុទ្ធគ្នាដែរ។ ហេតុដូច្នេះហើយ បានជាពិភពលោកទាំងមូល កំពុងចោលក្រសែភ្នែកតាមដានស្ថានការណ៍សង្គ្រាម ដែលបានអូសបន្លាយជាង៣ខែនេះ យ៉ាងយកចិត្តទុកដាក់បំផុត។
ពិភពលោកមានមន្ទិលជាច្រើន ចំពោះអនាគតនៃសង្គ្រាមនេះ។ សំណួរជាច្រើនបាន និងកំពុងចោទសួរជុំវិញសង្គ្រាមនេះ។ សំណួរទាំងនោះមានដូចជា៖ តើរុស្ស៊ី នឹងបញ្ចប់សង្គ្រាមនេះដោយខ្លួនឯង? តើអ៊ុយក្រែន អាចយកឈ្នះសង្រ្គាមនេះ ដោយអាវុធដែលលោកខាងលិច បញ្ជូនទៅឱ្យខ្លួនដែរទេ? តើសង្គ្រាមនេះនឹងបញ្ចប់ដោយរបៀបណា និងនៅពេលណា?។
ប៉ុន្តែអ្វីៗ វាស្ថិតនៅលើការសម្រេចរបស់មេដឹកនាំនៃប្រទេស២ ហើយមានតែពេលវេលាទេ ទើបអាចឆ្លើយសំណួរទាំងនេះបាន។
ទោះជាយ៉ាងណា ឧត្តមសេនីយ៍ឯក Konstantinos Loukopoulos ដែលជាអតីតមេបញ្ជាការ នៃអង្គការបក្សសម្ព័ន្ធយោធា NATO ធ្លាប់បានធ្វើការសន្និដ្ឋានថា រុស្ស៊ី មានឱកាស៩ខែដើម្បីយកឈ្នះ សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបើបន្តអូសបន្លាយយូរជាងនេះ គឺពិបាកហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា។
ទន្ទឹមនេះ មន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន ទំនងជាបញ្ចប់នៅលើតុចរចា ប៉ុន្តែអ៊ុយក្រែន ត្រូវតែមានសមត្ថភាពការពារខ្លួន ដើម្បីពង្រឹងជំហររបស់ខ្លួន នៅក្នុងកិច្ចចរចាសន្តិភាព។ នេះបើយោងតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី០១ ខែមិថុនា៕